header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្ពុជា បានរួចផុតសញ្ញាព្រមានពីសហគមន៍អឺរ៉ុប លើការនាំចេញកសិកផលទៅទីផ្សារពួកគេហើយ។ ទម្រាំរួចផុតពីការព្រមាននេះ កម្ពុជាត្រូវប្រើពេលវេលា៦ឆ្នាំ ដើម្បីដោះស្រាយជាមួយសហគមន៍អឺរ៉ុប។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា សហគមន៍បានដកកាតលឿង ពីកម្ពុជាវិញ កាលពី២ខែមុននេះ ក្រោយមន្ត្រីជំនាញអឺរ៉ុប ចុះត្រួតពិនិត្យ និងសិក្សាលើការដាំដុះកសិផលនៅកម្ពុជា ជាពិសេសម្ចាស់កសិដ្ឋាន និងកសិករអនុវត្តបានត្រឹមត្រូវល្អ តាមគោលការណ៍ភូតគាមអនាម័យ។

លោក ងិន ឆាយ បានបន្ថែមថា បើកម្ពុជាមិនអនុវត្តឱ្យបានល្អទេនោះ កម្ពុជានឹងប្រឈមមុខទទួលបានកាតក្រហមដូចប្រទេសថៃ និងវៀតណាម ដោយមិនអាចនាំចូលកសិផលទៅទីផ្សារអឺរ៉ុបបានឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៧ ខែមិថុនា អគ្គនាយកដ្ឋានកសិកម្មរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ឥឡូវកម្ពុជា កាតលឿងក៏អត់ ស្អឺក៏អត់ដែរ សម្រាប់បន្លែស្រស់យើងអាចនាំចេញទៅអឺរ៉ុបបាន ប៉ុន្ដែនៅប្រទេសទាំងពីរនោះ [វៀតណាម និងថៃ] នៅកាតក្រហមនៅឡើយទេ ដោយមិនទាន់នាំចូលបាននោះទេ»។

កាលពី៦ឆ្នាំមុនកម្ពុជាទទួលបានកាតលឿងពីសហគន៍អឺរ៉ុប ដោយសារអ្នកនាំចេញ និងអ្នកដាំដុះមួយចំនួនមិនស្មោះត្រង់ ដូចជាការលួចបាញ់ថ្នាំគីមី និងលួចទិញបន្លែពីខាងក្រៅមកដាក់បញ្ចូលបន្លែរបស់ខ្លួន ដើម្បីបង្គ្រប់ចំនួននាំចេញជាដើម។ ប៉ុន្តែនៅពេលសហគមន៍អឺរ៉ុបធ្វើតេស្ដ រកឃើញសំណល់ថ្នាំកសិកម្ម និងសត្វនោះ ពួកគេក៏បានគេចេញកាតលឿងព្រមានដល់កម្ពុជាតែម្ដង។ នេះជាការបញ្ជាក់របស់លោក ងិន ឆាយ។

បើតាមលោក ងិន ឆាយ បច្ចប្បន្ន បន្លែ និងកសិផលកម្ពុជាទាំងអស់ កំពុងមានភាពល្បីល្បាញថា ជាកសិផលធម្មជាតិដោយមិនប្រើគីមី ដោយអាចនាំចេញរាប់លានតោនក្នុងមួយឆ្នាំ។ «វាក៏ជាដំណឹងល្អមួយ សម្រាប់ប្រជាកសិករកម្ពុជា ក៏ដូចជាអ្នកវិនិយោគ ដែលចង់ដាំបន្លែ នាំទៅសហគមន៍អឺរ៉ុប កម្ពុជាអាចនាំចេញទៅបានផងដែរ»។ នេះជាការបញ្ជាក់របស់លោក ងិន ឆាយ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល
ថ្លែងក្នុងសន្និសីទសារព័ត៌មាន
លោក ផៃ ស៊ីផាន

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post