header ads

Sponsor

វប្បធម៌

អាម៉ាប៉ាប៉ាញ៉ូស

អាជ្ញាធរជាតិអប្សរា បានចុះបញ្ជីវត្ថុសិល្បៈក្នុងបញ្ជីសារពើភណ្ឌចំនួន ៧១១បំណែក ដែលប្រមូលបានពីប្រជាជន និងនៅជុំវិញក្នុងរមណីយដ្ឋានប្រាសាទអង្គរវត្តទាំង ៩១ ដើម្បីឱ្យមានសុវត្ថិភាពនិងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃខាងមុខ។

តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ការចុះបញ្ជីវត្ថុសិល្បៈនៅជុំវិញបរិវេណប្រាសាទទាំង៩១នេះ ក្នុងគោលបំណងចងក្រងឯកសារ និងកំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះ ដើម្បីចូលរួមទប់ស្កាត់ការចល័តឬបាត់បង់ដោយប្រការណាមួយជាយថាហេតុ។ ការចងក្រងឯកសារនេះ នឹងផ្តល់ព័ត៌មានយ៉ាងជាក់លាក់អំពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និងការពិពណ៌នាផ្សេងៗ ហើយព័ត៌មានទាំងនេះ អាចជួយសម្រួលដល់ការងារជួសជុល និងការទាមទារត្រឡប់មកវិញក្នុងករណីបាត់បង់ណាមួយ។

មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាលោក ឈូក សុម៉ាឡា បានលើកឡើងថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌ ភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់មានដូចជា សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលភាជន៍ និងវត្ថុធ្វើពីលោហៈ។

មន្រ្តីរូបនេះ បន្តថា ការងារចុះបញ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ថែរក្សាកេរមរតកបេតិកភណ្ឌជាតិ ដែលមានវត្ថុសិល្បៈជាច្រើននៅរាយប៉ាយលើដីនិងក្រោមដី ហើយត្រូវបន្តចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងនោះជាបន្តបន្ទាប់។

ក្រុមការងារចុះបញ្ជីសារពើភណ្ឌបានប្រមូលចម្លាក់ព្រះពុទ្ធបដិមានិងវត្ថុសិល្បៈផ្សេងៗទៀត ដែលមានចំនួន ៥៣១បំណែកទៀតពីរោងឆ្មាំខាងត្បូងប្រាសាទអង្គរវត្ត យកមករក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការសិក្សាបន្ថែម និងរង់ចាំការជួសជុលនាពេលខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post