header ads

Sponsor

វប្បធម៌

អាម៉ាប៉ាប៉ាញ៉ូស

កំពែងក្រុងអង្គរធំចំនួន៧ កន្លែងក្នុងចំណោម១៨កន្លែងដែលរងការខូចខាតដោយគ្រោះធម្មជាតិ បរិយាកាស អាយុកាលថ្ម រចនាសម្ពន្ធសំណង់ទ្រុឌទ្រោម និងដីកណ្តៀរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលបានសម្រេចប្រវែង១៣៥ម៉ែត្រ ក្នុង៣ដំណាក់កាលផ្សេងគ្នាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។

ការជួសជុលនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងពង្រឹងកំពែងក្រុងអង្គរធំឱ្យកាន់តែរឹងមាំដើម្បីរក្សាសោភ័ណភាពកំពែង និងខ្លោងទ្វារអង្គរធំទាំងអស់ឱ្យនៅគង់វង្សយូរ អង្វែង។ ដំណើរការជួសជុលបានចាប់ផ្តើមពីឆ្នាំ២០១៤ សរុបបានប្រវែង១៣៥ម៉ែត្រ ដែលក្នុងនោះមានប្រវែង២០ ម៉ែត្រនៅខាងកើតខ្លោងទ្វារដីឆ្នាំង និងប្រវែង១១៥ម៉ែត្រនៅខាងលិចខ្លោងទ្វារទន្លេអុំ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលកំពែងក្រុងអង្គរធំនិងជាមន្ត្រីនាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានរើសយកកន្លែងដែលមានហានីភ័យខ្ពស់មកជួសជុលមុន ព្រោះកន្លែងទាំងនោះបានរងផលប៉ះពាល់ខ្លាំងដោយធម្មជាតិ។

ក្នុងការជួសជុល ក្រុមការងារបានផ្តោតសំខាន់លើបច្ចេកទេសការរៀបជញ្ជាំងថ្មបាយក្រៀមទៅវិញពីមួយស្រទាប់ទៅមួយស្រទាប់ ការបុកបង្ហាប់ដីឱ្យមាំ ដើម្បីពង្រឹងកំពែងឱ្យមានសុវត្ថិភាពខ្ពស់ការពារការជ្រៀបទឹក បង្កើនគុណភាពសំណង់ សោភ័ណ ភាព ដោយរក្សាទម្រង់ដើមនៃកំពែង និងស្រាវជ្រាវប្រវត្តិនៃការជួសជុលពីអតីតកាល។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏គិតគូរពីសុវត្ថិភាពសំណង់ដើម្បីរក្សាភាពគង់វង្ស ដោយការធ្វើជំរាលទឹកហូរ និងដាំស្មៅតាមជើងទេរដើម្បីទប់ការហូរច្រោះ។

ចំពោះការជួសជុលកំពែងអង្គរធំនេះគឺត្រូវការពេលវេលាច្រើនព្រោះត្រូវការសិក្សាស្រាវ ជ្រាវពីរចនាសម្ពន្ធសំណង់ ប្រវត្តិជួសជុល និងចំណុចដែលមានហានីភ័យខ្ពស់។ ពិសេស គឺពេលជួសជុលទាមទារត្រូវគោរពតាមធម្មនុញ្ញអង្គរ ការចុះតាមដានការងារនិងវាយតម្លៃពីអ្នកជំនាញគណៈកម្មការអាយស៊ីស៊ី-អង្គរ រួមទាំងការថែទាំ ការទល់ទ្រ កាត់ក្រីមែកឈើ និងដករុក្ខជាតិដែលដុះលើជញ្ជាំងកំពែងផងទៀតផង។

ចំពោះផែនការអនាគត អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលកំពែងអង្គរធំដែលរងនូវគ្រោះថ្នាក់ទាំងអស់ឱ្យមានសុវត្ថិភាពតាមរយៈការអភិរក្សជាជំហានៗដើម្បីលើកតម្លៃមរតកដូនតាឱ្យនៅយូរអង្វែង៕

ប្រភពពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលអត្ថបទដោយកញ្ញា ហ៊ីង ស្រីរ័ត្ន និងរូបភាពដោយលោក យី សុថា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post