header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

លោក Nabeshima Katsuhito ស្ថាបនិកនិងនាយកក្រុមហ៊ុន Yamato Green Co., Ltd របស់ប្រទេសជប៉ុនបានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសការផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ទាំងនោះឱ្យអស់លទ្ធភាពនៅឡើយ តាំងពីចំណុចចាប់ផ្តើម ដាំដុះ ថែរក្សា ការពារ ប្រមូលផល លាងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។

លោកបន្តថា ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជា មិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។

លោកបន្ថែមថា ក្រុមហ៊ុនជប៉ុនចំនួន ១០ ដែលមានជំនាញលើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយជាដើម បានសន្យាថានឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះ ដើម្បីឈានទៅដល់ការផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយ អាចនាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា«ផលិតផលផលិតនៅកម្ពុជាឬ Made in Cambodia or Product of Cambodia»។

ការសន្យានេះ ធ្វើឡើងនៅក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី២៣មិថុនានេះ ដើម្បីពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន»។

លោក វេង សាខុន សង្ឃឹមថានឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជានាពេលអនាគតដ៏ខ្លី ហើយជឿជាក់ថាគម្រោងដ៏មានអត្ថប្រយោជន៍មួយនេះ វានឹងទទួលបានជោគជ័យនាពេលអនាគត ដូចដែលក្តីស្រមៃរបស់រាជរដ្ឋាពិបាល ក្នុងន័យទទួលបានភាពជាម្ចាស់ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅធ្វើការនាំចេញបន្លែទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក « ផលិតផលកម្ពុជា»។

លោកបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មបង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តមណ្ឌលគីរីត្រូវត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញ លេញជាមួយក្រុមហ៊ុនក្រុមជប៉ុនទាំងនេះ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕

ពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post