header ads

Sponsor

កីឡា

អាម៉ាប៉ាប៉ាញ៉ូស

CAMSOC-ភ្នំពេញ៖ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា សម្រាប់អាណត្តិថ្មីឆ្នាំ២០២០ដល់ឆ្នាំ២០២៣បានប្តេជ្ញាចិត្តថា នឹងបន្តពួតដៃគ្នាជាមួយសមាជិប្រតិបត្តិទាំងអស់ ដើម្បីសម្រួចគោលដៅឲ្យទទួលបានជោគជ័យ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៧ ឆ្នាំ២០១៧-២០២០ និងបន្ត អាណត្តិថ្មីទី៨ ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០។

ក្នុងនាមប្រធានអាណត្តិថ្មី ឯកឧត្តម ស៊ាន បូរ៉ាត បានប្តេជ្ញាចិត្តខ្ពស់ថានឹងរួមគ្នាដើម្បីបន្តកិច្ចការអភិវឌ្ឍជាបន្តទៀត ហើយដើម្បីទទួលបានជោគជ័យនេះ សហព័ន្ធកីឡាបាល់បោះកម្ពុជាបានអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយបោះជំហានយ៉ាងរឹងមាំនិងស្វាហាប់ ពិសេសពង្រឹងសកម្មភាពហ្វឹកហ្វាត់របស់កីឡាករថ្នាល និងឈុតធំ ដើម្បីតម្រង់ទិស និងជំរុញសិទ្ធផលនៃការហ្វឹកហាត់ឈានទៅតណ្តើមយកមេដាយពីការប្រកួតអន្តរជាតិ និងលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសគឺការត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមបន្ថែមថា នៅក្នុងដំណើរកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ សហព័ន្ធក៏ទាមទារឲ្យកីឡាករ កីឡាការិនីកម្ពុជាយើងមានបទពិសោធន៍ និងសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ ដើម្បីដណ្តើមបានជ័យលាភីពីការប្រកួតមកជួនជាតិមាតុភូមិ។ ជាងនេះទៀត សហព័ន្ធកីឡាបាល់បោះកម្ពុជាក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិកការជាមួយប្រទេស ក្នុងតំបន់ ក៏ដូចជាប្រទេសជាមិត្ត ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់បោះឲ្យកាន់តែបោះជំហានទៅមុខថែមទៀត។ សហព័ន្ធកីឡាបាល់បោះកម្ពុជាមិនគ្រាន់តែបានជំរុញនិងពង្រីកសកម្មភាពរបស់ខ្លួនទៅបណ្តារាជធានីខេត្តប៉ុណ្ណោះទេ គឺបានជំរុញសកម្មភាពប្រកួតគ្រប់កម្រិត មានការប្រកួតសិស្សបឋម មធ្យម ឧត្តម និងការប្រកួតលីគប្រចាំឆ្នាំ ព្រមទាំងការប្រកួតមិត្តភាព និងការប្រកួតលក្ខណៈអន្តរជាតិ។ ជាមោទនភាពរបស់កម្ពុជា កីឡាបាល់បោះកម្ពុជាយើងរក្សាបានចំណាត់ថ្នាក់លេខ៧ពីការប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយចំពោះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា សហព័ន្ធរំពឹងទុកថាកម្ពុជានឹងឈានចូលទៅក្នុងការប្រកួតវគ្គចុងក្រោយទៅលើវិញ្ញាសាប្រកួត៣ទល់៣។

គួរបញ្ជាក់ថា សម្រាប់សមាសភាពសមាជិកប្រតិបត្តិអាណត្តិថ្មីនេះមានចំនួន១៥រូប ដែលបានប្រសូត្រចេញពីការបោះឆ្នោតគាំទ្រពីសមាជិកពេញសិទ្ធិរបស់ខ្លួន ដោយឯកឧត្តម ស៊ាន បូរ៉ាត ទទួលបានការគាំទ្របន្តការដឹកនាំធ្វើជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អមដោយអនុប្រធាន៥រូប គឺឯកឧត្តម អ៊ុក សិទ្ធិជាតិ, ឯកឧត្តម ឈី សម្បត្តិ, លោក ខេស៊ី បាណេត, លោក សាំ យៀង, និងលោកជូ សុខារី និង៩រូបទៀតជាសមាជិក៕

ប្រភព៖ Cambodia SEA GAMES 2023

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post