header ads

Sponsor

ប្រវត្តិ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង, គឺជាបេះដូងនៃខេត្តប៉ៃលិន។

ប្រជាពលរដ្ឋ, អ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិនតែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងគយគន់សំណង់ប្រវត្តិសាស្រ្ត ព្រមទាំងចូលអុជធូបដាក់កម្រងផ្កា ថ្វាតជូនលោយាយ យ៉ាត ដើម្បីសុំសេចក្តីសុខសប្បាយក្នុងការធ្វើដំណើរទៅមក ទាំងដំណើរទីជិត និងទីឆ្ងាយ។

ដីនៅលើភ្នំនេះ គឺជាដីរ៉ែធម្មជាតិ មានប្រាកដដោយត្បូងមានតម្លៃយ៉ាងច្រើនផងដែរ។ នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយឈ្មោះថា #វត្តគិរីរតនារាមភ្នំយ៉ាត ឬហៅថា #វត្តភ្នំយ៉ាត និងមានសំណង់បូរាណ, សំណង់ថ្មីៗ និងអាស្រមជាច្រើន ដូចជាព្រះចូឡាមុនីចេតិយ តូច-ធំ, អាស្រមលោកយាយយ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារកម្ពស់២១ម៉ែត្រ សំណង់ប្រាសាទ ៨ទិស-ព្រះសិអារ្យមេត្រី អាស្រមព្រះគោ-ព្រះកែវ ជាដើម។ នៅនឹងជើងភ្នំយ៉ាតក៏មានអាស្រមលោកយាយយ៉ាតផងដែរ ពិសេសអាស្រមធំរបស់លោកយាយយ៉ាត នៅភាគខាងកើតនៃភ្នំយ៉ាត ដែលមានរូបសំណាកលោកយាយយ៉ាត ធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយវិចិត្រករខ្មែរនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទម្ងន់ជាង៣៣តោន។

ប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវទេសចរណ៍ទាំងឡាយដែលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិនរមែងតែងតែចូលមកអុជធូប បួងសួងសុំសេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត ដោយពួកគាត់យល់ថា លោកយាយយ៉ាតមានបារមីស័ក្តិសិទ្ធនៅក្នុងតំបន់នេះ។

ការដែលនាំឱ្យមានជំនឿគោរពខ្លាចរអានូវបុណ្យបារមីរបស់យាយយ៉ាត ដ្បិតមានរឿងតំណាលមកថា ក្នុងឆ្នាំ១៩២២ មានជនអន្តោប្រវេសន៍មួយក្រុមបានមករស់នៅ ប្រកបរបរជីកត្បូង និងបរបាញ់សត្វនៅតំបន់នេះ ហើយបានកសាងអាស្រមមួយ នៅលើកំពូលភ្នំយ៉ាត។ ទីនេះជាកន្លែងសក្ការៈបូជា ដែលស័ក្តិសិទ្ធ និងជាបេះដូងរបស់ខេត្តប៉ៃលិនសព្វថ្ងៃ។ រឿងនេះបាននិយាយតំណាលអំពីប្ដីប្រពន្ធមួយគូ មានឈ្មោះយ៉ាតដូចគ្នា ដែលទាំងពីរនាក់ជាអ្នកជីកត្បូងនៅតំបន់ភ្នំយ៉ាតនេះ។ បន្ទាប់ពីពួកគេបានមានអាយុកាន់តែវ័យចំណាស់រៀងៗខ្លួនទៅ ពួកគេបានជញ្ជឹងគិតជាមួយគ្នា ផ្តើមគំនិតកសាងអាស្រមមួយនៅលើភ្នំសម្រាប់គោរពបូជា គឺនៅលើភ្នំយ៉ាតនាពេលសព្វថ្ងៃនេះឯង។

កាលនោះដែរ អ្នកភូមិផ្សេងទៀត បានទិញកាំភ្លើង ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ និងបរបាញ់សត្វព្រៃ។ ដោយសារការបរបាញ់នេះហើយ ធ្វើឱ្យព្រលឹងអារុក្ខអារក្ស អ្នកតាព្រៃភ្នំមានការខឹងសម្បា និងបានបង្ហាញខ្លួនឱ្យប្ដីប្រពន្ធទាំងពីរនាក់នោះឃើញ ដើម្បីនាំដំណឹងទៅប្រាប់អ្នកភូមិផ្សេងទៀត ដោយនិយាយថា ប្រសិនបើអ្នកភូមិឈប់បាញ់សត្វ ព្រលឹងនោះនឹងជូនត្បូងពេជ្រមានតម្លៃដល់ពួកគេ ហើយព្រលឹងនោះ ក៏បានបញ្ជាពួកគេឱ្យសម្ដែងនូវរបាំក្ងោកជូនទស្សនាជារៀងរាល់ថ្ងៃ នៅអាស្រម លើកំពូលភ្នំយ៉ាតនេះ។ តមកអាស្រមនោះក៏បានក្លាយមកជាវត្តភ្នំយ៉ាតសព្វថ្ងៃរៀងមក។

នេះគឺជាប្រវត្តិនៃបូជនីយដ្ឋានសក្ការៈភ្នំយ៉ាតដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈតែងមានជឿ និងគោរពប្រណិប័តន៍ជាដំណតរៀងមកទល់នឹងសព្វថ្ងៃ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះ ភ្នំយ៉ាតគឺជារមណីយដ្ឋានដ៏ចម្បងមួយនៃខេត្តប៉ៃលិន ដែលស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋបានយកចិត្តទុកដាក់រៀបចំថែមទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post