header ads

Sponsor

ចរាចរ

អាម៉ាប៉ាប៉ាញ៉ូស

កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសថា អ្នកដែលមិនទាន់កាត់ឈ្មោះផ្ទេរកម្មសិទ្ធិរថយន្ត គឺត្រូវមកដាក់ពាក្យឲ្យមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ប៉ុន្តែដោយសារតែនៅមានបងប្អូនជាច្រើនមិនទាន់មកកាត់ឈ្មោះ ក្រសួងនឹង​​ប្រកាសពន្យាពេល​ផ្ទេរកម្មសិទ្ធយានយន្ត​ ដោយរក​​ម្ចាស់​ដើម​មិន​ឃើញ​​ រហូត​ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០​។

នេះបើតា​ម​យោងតាមប្រសាសន៍​ លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូន​ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈបណ្តាញសង្គម Telegram មុន​នេះ យប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ ដោយលោកស្រី​បាន​សរសេរថា៖

ដោយមើលឃើញថា បងប្អូនជាច្រើនមកធ្វើការផ្ទេរកម្មសិទ្ធិដោយរកម្ចាស់ដើមមិនឃើញ ដូចនេះសម្រេចពន្យាពេលអនុវត្តនីតិវិធីនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ (នាយកដ្ឋានកំពុងរៀបចំសេចក្តីជូនដំណឹងផ្លូវការ ដើម្បីធ្វើការផ្សព្វផ្សាយ)។ ដូចនេះ សូមឯកឧត្តម លោក លោកស្រី នៅតែបន្តទទួលនូវពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តពីបងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនីតិវិធីរកម្ចាស់ដើមមិនឃើញ។

ក្រសួងសាធារណការ

ជាមួយគ្នានេះដែរ នៅថ្ងៃដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រេចសម្រួលនីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត ខណៈប្រជាពលរដ្ឋជួបបញ្ហាស្មុគស្មាញ និងរអ៊ូរទាំអំពីបែបបទបំពេញឯកសាររដ្ឋបាល ដើម្បីកាត់ឈ្មោះពីម្ចាស់ដើមនៃយានយន្តមកម្ចាស់កាន់កាប់ចុងក្រោយ។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយនៅទីតាំងផ្តល់សេវាតែមួយរួមគ្នានៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ប្រកាសរួមស្តីពីនីតិវិធីថ្មីនេះ នឹងស្នើគោលការណ៍ដាក់ឱ្យអនុវត្តនៅទីតាំងផ្តល់សេវារួមតែមួយ ដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយបត្រតែមួយ សម្រួលដល់ប្រជាពលរដ្ឋមានភាពងាយស្រួល កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងធានាលុបបំបាត់ចំណាយក្រៅផ្លូវការ។ លោកថា នីតិវិធីនៃការផ្ទេរកម្មសិទ្ធិថ្មីនេះ នឹងត្រូវចំណាយពេលតែ១ថ្ងៃ ប្រសិនបើមិនមានការប្តូរផ្លាកលេខ និងរយៈពេល២ទៅ៣ថ្ងៃ ប្រសិនបើមានការប្តូរផ្លាកលេខ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post