header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

អ្នកបើកយន្តហោះជនជាតិប៉ាគីស្ថានចំនួន២៧នាក់ ដែលបម្រើការឱ្យក្រុមហ៊ុន​អាកាស​ចរណ៍វៀតណាម ត្រូវ​បាន​ផ្អាក​ពីការងារបណ្ដោះអាសន្ន បន្ទាប់ពីប្រទេសប៉ាគីស្ថានរក​ឃើញ​ថា អាកាស​យានិក​នៅ​ក្នុង​ប្រទេស​ខ្លួន​ចំនួន​២៦២​នាក់ បានប្រើប្រាស់ប័ណ្ណអនុ​ញ្ញាតឱ្យបើកយន្តហោះក្លែងក្លាយ។

លោក Dinh Viet Thang ប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមបាននិយាយ​កាលពីថ្ងៃសៅរ៍ថា ការ​សម្រេច​នេះ បានចូលជាធរមានតាំងពីថ្ងៃព្រហស្បតិ៍នេះ ខណៈ​អាកាសយានិក៍ទាំងនោះគឺកាន់​អាជ្ញា​ប័ណ្ណ​ហោះ​ហើរ​ពី​ប្រទេស​ប៉ាគីស្ថាន។

លោកបន្តថា ការព្យួរការងារនេះនឹងត្រូវដកចេញវិញ នៅពេលការត្រួតពិនិត្យរបស់​អាជ្ញា​ធរអាកាសចរណ៍​វៀត​ណាម​បង្ហាញថា អាជ្ញាប័ណ្ណនិងលក្ខណៈសម្បត្តិរបស់ពួកគេ ពិត​ជាស្របច្បាប់ត្រឹមត្រូវ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម លោក Nguyen Van Theកាលពីពេលថ្មីៗនេះ បាន​ស្នើសុំឱ្យអាកាស​ចរណ៍​ស៊ីវិល ផ្អាកការងារអ្នកបើកយន្តហោះជនជាតិប៉ាគីស្ថាន ដើម្បីត្រួតពិនិត្យអាជ្ញាប័ណ្ណរបស់ពួកគេ និង​បញ្ឈប់​អ្នក​បើកយន្តហោះបរទេសទាំងអស់ ដែលប្រើវិញ្ញាបនប័ត្រដែលចេញដោយប៉ាគីស្ថាន កំពុងសង្ស័យ​ថា​ជា​របស់​ក្លែង​ក្លាយ។

កាលពីខែមុនអាជ្ញាធរប៉ាគីស្ថានបានព្យួរការងារអ្នកបើកយន្តហោះចំនួន២៦២នាក់ ពី​បទ​សង្ស័យប្រើប្រាស់​អាជ្ញា​ប័ណ្ណ​ក្លែងបន្លំ បន្ទាប់ពីមានការស៊ើបអង្កេតបឋមលើករណី​ធ្លាក់​យន្តហោះរបស់ក្រុមហ៊ុនអាកាស​ចរណ៍​អន្តរ​ជាតិ​ប៉ា​គី​ស្ថាន​(PIA)កាលពីខែឧសភា​ដែលសម្លាប់មនុស្ស៩៧នាក់។

ការស៊ើបអង្កេតនោះបានបង្ហាញថា អ្នកបើកយន្តហោះប៉ាគីស្ថានសរុបចំនួន២៦២នាក់ ក្នុង​ចំណោម​៨៦០​នាក់​ត្រូវ​បានគេ​រាយការណ៍ថា បានជួលអ្នកផ្សេងដើម្បីធ្វើការប្រឡង​យក​អាជ្ញា​ប័ណ្ណជំនួសពួកគេ ហើយមិនមាន​សមត្ថ​ភាព​គ្រប់គ្រាន់ក្នុងប្រតិបត្តិការ​ហោះ​ហើរឡើយ៕

ប្រភព៖VNexpress

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post