
ស្វែងយល់
អាម៉ាប៉ាប៉ាញ៉ូសនៅថ្ងៃសៅរ៌ទី២៧មិថុនានេះ លោកស្រី ឱ វណ្ឌឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋម្ដងទៀត ឲ្យចេះការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ និងត្រូវចេះផ្លាស់ប្តូរទម្លាប់ឲ្យស្របតាម «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» គឺធ្វើសម្អាតដៃជាប្រចាំ ពាក់ម៉ាស់ឬប្រើក្រមានៅពេលក្អកឬកណ្ដាស់ និងត្រូវរក្សាគន្លតសុវត្ថិភាពបុគ្គលនិងសង្គម។
លោកស្រីបញ្ជាក់ថា ជំងឺកូវីដ១៩ អាចឆ្លងចូលខ្លួនបុគ្គលនៅគ្រប់ពេលវេលា គ្រប់កាលៈទេស: និងគ្រប់ទីកន្លែង ប្រសិនបើភ្លេចខ្លួន ឬមិនបានការពារខ្លួនទេនោះ។ ម្យ៉ាងទៀត ភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩នេះ គឺមិនត្រូវមើលរំលងឡើយ ដោយវីរុសនេះ វាយលុកផ្លូវដង្ហើមសាហាវណាស់ ធ្វើឲ្យពិបាកដកដង្ហើមរហូតដល់ត្រដរខ្យល់ដោយខ្វះអុកស៊ីហ្សែន ដែលក្រុមគ្រូពេទ្យក៏ពិបាកនឹងជួយសង្គ្រោះឲ្យផុតពីសេចក្តីស្លាប់ដែរ។
មន្រ្តីនាំពាក្យនេះបន្តថា ការស្លាប់ដោយសារជំងឺកូវីដ១៩ កំពុងស្ថិតនៅក្នុងស្ថានភាពគួរឲ្យមានការព្រួយបារម្ភនៅសាកលលោក នៅក្នុងតំបន់ នៅតាមបណ្តាប្រទេស នៅតាមសហគមន៍ និងសម្រាប់បុគ្គល ដែលគប្បីឱ្យបុគ្គលគ្រប់រូប ត្រូវតែខិតខំបន្តការពារខ្លួនពីការចម្លងវីរុសដ៏កាចសាហាវនេះ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន គ្មានការចម្លងវីរុសកូវីដ១៩។
លោកស្រីបញ្ជាក់ថា មកដល់ពេលនេះ មិនមានអ្នកណាអាចដឹងថា តើបុគ្គលណាម្នាក់អាចឆ្លងជំងឺនេះនៅកន្លែងណាឡើយ ដោយសារគេក៏មិនដឹងដែរថា វីរុសកូវីដ១៩នេះមានអត្តចរិកបែបណា និងនៅកន្លែងណាដែរ ហើយក៏មិនអាចដឹងបានថា តើបុគ្គលនេះ គាត់បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះដែរ។
សូម្បីតែបុគ្គលផ្ទាល់ ក៏គាត់ប្រហែលជាមិនបានដឹងខ្លួនផង ប៉ុន្តែអ្វីដែលដឹងនោះ គឺបណ្តាលមកពីកង្វះខាតក្នុងការអនុវត្តវិធានការការពារខ្លួនបានត្រឹមត្រូវ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន៕
