header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមរបាយការណ៍មួយរបស់អ្នកស្រី Ida Theilade សាស្ត្រាចារ្យនៃសកលវិទ្យាល័យ University of Copenhagen នៃប្រទេសដាណឺម៉ាក កាលពីសប្ដាហ៍មុននេះបានអះអាងថា កម្ពុជាបានបាត់បង់ព្រៃឈើចំនួន២៦ភាគរយ ឬ ស្មើនឹងជាង២ លានហិកតា ចាប់តាំងពីឆ្នាំ២០០០មក។

របាយការណ៍នេះបញ្ជាក់ថា ដោយសារឡែក គិតត្រឹមកាលពីឆ្នាំមុន គឺកម្ពុជាបានបាត់បង់ព្រៃឈើទំហំ៦៣០០០ ហិកតា ដែលក្នុងនោះសម្រាប់ការបាត់បង់ព្រៃឡង់ដែលជាតំបន់ការពារធម្មជាគឺមានទំហំធំ៧៥០ហិចតាកើនឡើង៧៣% ប្រៀបធៀបឆ្នាំ២០១៨។

កាលពីឆ្នាំ ២០១៦ តំបន់ព្រៃឡង់ជាង ៤ សែន (៤៣១,៦៨៣) ហិកតាត្រូវរដ្ឋាភិបាលបង្កើតទៅជាតំបន់ដែនជម្រកសត្វព្រៃឡង់ដែលលាតសន្ធឹងក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។

ព្រៃឡង់គឺជាព្រៃទឹកភ្លៀងដ៏ធំមួយដែលទ្រទ្រង់ដល់ទន្លេមេគង្គ និងទន្លេសាប ខណៈទន្លេទាំង ២ នេះមានសារៈសំខាន់សម្រាប់ការនេសាទរបស់ពលរដ្ឋ សម្រាប់សេដ្ឋកិច្ចជាតិ និងសន្ដិសុខស្បៀង។

ទោះជាយ៉ាងណា លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាព្រៃឈើ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើ ប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅ ក្នុងតំបន់នោះ។

លោកបញ្ជាក់ទៀតថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប គឺព្រៃឈើបានគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក ភក្តា អះអាងថា មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោម ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១%នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ៧លាន៣សែនហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានាបាននិងកំពុងឈរជើងការពារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post