header ads

Sponsor

បច្ចេកវិទ្យា

អាម៉ាប៉ាប៉ាញ៉ូស

នីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តនឹងលែងស្មុគស្មាញទៀតហើយ ក្រោយដាក់ឲ្យប្រើបញ្ជរបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រាតែមួយនៅនឹងកន្លែង។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រេចសម្រួលនីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត ខណៈប្រជាពលរដ្ឋជួបបញ្ហាស្មុគស្មាញ និងរអ៊ូរទាំអំពីបែបបទបំពេញឯកសាររដ្ឋបាល ដើម្បីកាត់ឈ្មោះពីម្ចាស់ដើមនៃយានយន្តមកម្ចាស់កាន់កាប់ចុងក្រោយ។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយនៅទីតាំងផ្តល់សេវាតែមួយរួមគ្នានៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋ។

ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនានេះ លោកបានបញ្ជាក់ថា ប្រកាសរួមស្តីពីនីតិវិធីថ្មីនេះ នឹងស្នើគោលការណ៍ដាក់ឱ្យអនុវត្តនៅទីតាំងផ្តល់សេវារួមតែមួយ ដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយបត្រតែមួយ សម្រួលដល់ប្រជាពលរដ្ឋមានភាពងាយស្រួល កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងធានាលុបបំបាត់ចំណាយក្រៅផ្លូវការ។ លោកថា នីតិវិធីនៃការផ្ទេរកម្មសិទ្ធិថ្មីនេះ នឹងត្រូវចំណាយពេលតែ១ថ្ងៃ ប្រសិនបើមិនមានការប្តូរផ្លាកលេខ និងរយៈពេល២ទៅ៣ថ្ងៃ ប្រសិនបើមានការប្តូរផ្លាកលេខ។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីឆ្លងកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត កាលពីថ្ងៃទី២៩ ខែមិថុនា ដឹកនាំដោយឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងតំណាងអគ្គនាយកដ្ឋានពន្ធដារ តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត។

សូមបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ និងការពន្យារពេលពិន័យលើសេវាសាធារណ:ដឹកជញ្ជូនដែលហួសសុពលភាពដូចជា លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន, ការចុះបញ្ជីឡើងវិញនូវរថយន្ត ATសម្រាប់រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូល បណ្តោះអាសន្ន, ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត ឬហៅថា «ឆៀក» និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, បណ្ណបើកបរយាយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត ត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនានេះហើយ។ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ អ្នកដែលហួសសុពលភាពទាំងនេះ នឹងត្រូវផាកពិន័យតាមការកំណត់របស់អន្តរក្រសួង៕

លោក ហ៊ាង សុទ្ធាយុត្តិ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post