header ads

Sponsor

ភ្នំពេញ៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ គ្រោងនឹងដាក់ចេញយុទ្ធនាការថ្មីមួយ ដែលមានឈ្មោះថា «២០២០បន្ទាយស្រីស្អាត» ដើម្បីអភិវឌ្ឍស្រុក ដែលស្ថិតនៅក្នុងខេត្តវប្បធម៌នៃទឹកដីអង្គរសៀមរាបមួយនេះ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា យុទ្ធនាការ«២០២០បន្ទាយស្រីស្អាត» នឹងដាក់ដំណើរការនាពេលខាងមុខនេះ។ក្នុងគម្រោងយុទ្ធនាការនេះ រដ្ឋបាលស្រុកគ្រោងនឹងប្រែក្លាយកំណាត់ផ្លូវពីភូមិព្រះដាក់មកកាន់ប្រាសាទបន្ទាយស្រី ដែលមានប្រវែងជិត២០គីឡូម៉ែត្រ ឱ្យក្លាយទៅជា«រុក្ខវិថីគំរូ»ប្រចាំស្រុក ដោយនៅតាមដងផ្លូវមានការរៀបចំប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ ,មិនមានការរំលោភចំណីថ្នល់, មិនមានសំរាមបោះចោលពាសវាលពាសកាល, ស្មៅនិងគុម្ពោតព្រៃត្រូវបានជម្រះ, មានការដាំផ្កាលម្អទាំងតូចទាំងធំនៅតាមរបងនិងជុំវិញដើមឈើ ។ជាពិសេសមានការចូលរួមជួយថែរក្សាពីសំណាក់ប្រជាពលរដ្ឋនៅតាមដល់ផ្លូវនេះ។

បើតាមលោក ឃឹម ហ្វីណង់ យុទ្ធនាការនេះក៏នឹងមានកម្មវិធីបរិស្ថានទ្រង់ទ្រាយធំជាប្រចាំ ព្រមទាំងមានកម្មវិធីប្រកួតប្រជែង”ផ្ទះស្អាត”នៅតាមដងផ្លូវនេះផងដែរ។ អភិបាលស្រុកបន្ទាយស្រីរូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ប្រសិនបើស្ថានភាពកូវីដអំណោយផល រដ្ឋបាលស្រុកនឹងរៀបចំកម្មវិធីដាំផ្កាតាមដងផ្លូវនេះជាកំណាត់ៗ ដោយនឹងអនុញ្ញាតឱ្យមានការចូលរួមជាបើកចំហនិងទូលំទូលាយពីសំណាក់មហាជននិងបងប្អូនដែលស្រលាញ់បរិស្ថាន»។

តាមគម្រោងនេះ ក៏មានការរៀបចំដាំដើមឈើនៅក្នុងតំបន់រាប់ពាន់ដើមផងដែរ ជាពិសេសដើមក្ងោកនិងដើមសាគូរ៉ា។

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post