
អន្តរជាតិ
អាម៉ាប៉ាប៉ាញ៉ូសចិនបានសម្រេចលុបចោលជើងហោះហើរជាង១.២០០ ហើយបានបិទសាលារៀនសារជាថ្មីនៅក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃពុធនេះ ខណៈកំពុងព្យាយាមទប់ទល់នឹងការផ្ទុះឡើងវិញនៃការឆ្លងជំងឺកូវីដ១៩ ដែលមានប្រភពកើតចេញពីផ្សារលក់បន្លែ ផ្លែឈើ និងត្រីសាច់ដ៏ធំបំផុតមួយ។
អាជ្ញាធររដ្ឋធានីប៉េកាំងបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣១នាក់នៅថ្ងៃពុធ ដែលឱ្យករណីឆ្លងសរុបកើនដល់១៣៧ករណី ក្រោយពីទីក្រុងប៉េកាំងប្រកាសគ្មានករណីចម្លងជំងឺពីមនុស្សម្នាក់ទៅម្នាក់ទៀតអស់រយៈពេល៥៧ថ្ងៃកន្លងមក។
អាជ្ញាធរបានទទូចប្រជាជន មិនត្រូវធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំងឡើយ បិទចរាចរណ៍ក្នុងទីប្រជុំជិត៣០កន្លែង បិទផ្សារចំនួន១១កន្លែង ហាមឃាត់ការប្រកួតកីឡា និងបានណែនាំឱ្យត្រូវពាក់ម៉ាស់ខណៈមនុស្សរាប់ពាន់នាក់ដែលជាប់ទាក់ទងទៅនឹងការឆ្លងជាចង្កោមថ្មីនៅក្នុងផ្សារ Xinfadi កំពុងត្រូវបានធ្វើតេស្ដរកជំងឺកូវីដ១៩។
យ៉ាងហោណាស់សង្កាត់ចំនួន២៧ ត្រូវបានចាត់ថ្នាក់ជាកន្លែងហានិភ័យមធ្យមក្នុងការចម្លងជំងឺ ហើយសង្កាត់មួយដែលជិតបំផុតក្បែរផ្សារ Xinfadi គឺជាកន្លែងមានហានិភ័យខ្ពស់។ ប្រជាជនដែលស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យមធ្យមនិងខ្ពស់ គឺមិនអនុញ្ញាតឱ្យចាកចេញពីក្រុង ខណៈអ្នករស់នៅតំបន់ដែលមានហានិភ័យទាប គឺអាចធ្វើដំណើរចេញក្រៅក្រុងបាន ប៉ុន្តែត្រូវធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ជាមុន។ ទោះយ៉ាងណាផ្លូវថ្នល់នៅតែបើកឱ្យចរាចរនៅឡើយ ហើយក្រុមហ៊ុននិងរោងចក្រនៅតែអាចដំណើរការដដែល៕