header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

បើទោះជាមានវិបត្តិជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កម្ពុជា បាននាំចេញ​កសិផល​សរុបប្រមាណ១,៩លានតោនទៅទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការ​ឲ្យដឹង​របស់លោកងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិ​កម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សក្ដានុពល​នាំចេញ​កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាលពីព្រឹកថ្ងៃទី ១៧ មិថុនា។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ចំនួននៃការនាំចេញនេះ គឺបានកើន​ឡើងប្រមាណ៧,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោក ងិន ឆាយ បានគូសបញ្ជាក់ថា នៅក្នុងចំណោមកសិផលដែលនាំចេញ​ជិត២​លានតោននេះ គឺអង្ករបាននាំមុខគេ ដោយមានចំនួននាំចេញក្នុងរយៈពេ​ល​៥ខែឆ្នាំ​២០២០ ជាង៣៥ម៉ឺនតោន បានកើនឡើងប្រមាណ៤២,៣៤%បើប្រៀបធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។ លោក ងិន ឆាយ បានឱ្យដឹងទៀតថា នៅក្នុងរយៈពេលនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន​មានចំនួនជាង១៣​ម៉ឺនតោន បានកើនឡើង២៥,៦% ទៅកាន់សហភាពអឺរ៉ុប មានចំនួនជាង១២ម៉ឺនតោន គឺបានកើនឡើងដល់ទៅ៥៦%។

ចំណែកការនាំចេញទៅកាន់ទីផ្សារអាស៊ាន មានប្រមាណ ៤ម៉ឺន៥ពាន់តោន បានកើនឡើង៤៥,៣៩% ខណៈនាំចេញទៅប្រទេសផ្សេងទៀតមានឥណ្ឌាជាដើម គឺបានកើនឡើងប្រមាណ៧៩%។

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជា បាននាំចេ​ញអង្ករទៅកាន់ប្រទេស​ចំនួន៦០នៅទូទាំងពិភពលោក។ ជាងនេះទៀត លោក ងិន ឆាយ បានព្យាករ​ណ៍ថា នៅដំណាច់ឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញអង្ករកើនឡើងដល់ទៅ​៨០ម៉ឺនតោនទៅ១​លាន​តោន ខណៈកាលពីឆ្នាំ​២០១៩ ការនាំចេញសម្រេចបានប្រមាណ៦២ម៉ឺនតោន ហើយការនាំចេញកសិផលកសិកម្មទាំងអស់អាចនឹងកើនដល់ជាង៥លានតោន៕

អង្ករកម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post