header ads

Sponsor

កីឡា

អាម៉ាប៉ាប៉ាញ៉ូស

CAMSOC-ភ្នំពេញ៖ កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសម្រេចលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក ដែលមានពី២ទៅ៣ទម្រង់ ដើម្បីឆ្លងកិច្ចប្រជុំធំរបស់ CAMSOC ដែលគ្រោងនឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី២កក្កដា ខាងមុខ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC លើកឡើងថា កិច្ចប្រជុំជាទៀងទាត់ប្រចាំសប្តាហ៍នេះមានរៀបវារៈចំនួន២សំខាន់ៗ គឺទី១ គឺគណៈអចិន្ត្រៃយ៍សម្រេចបានលើការជ្រើសរើសរបស់ខ្លួនហើយ ដែលយើងយកពី២ទៅ៣ជម្រើស ដើម្បីឆ្លងការសម្រេចនៅក្នុងកិច្ចប្រជុំធំ របស់ CAMSOC នាពេលខាងមុខឆាប់ៗនេះ ដូចជាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬហៅថាពាក្យស្លោក ដែលទាំងបីទម្រង់នេះយើងបានកែសម្រួលជាច្រើនលើកច្រើនសារ ដើម្បីធ្វើឲ្យកាន់តែទាក់ទាញទាំងសោភ័ណ្ឌភាព អត្ថរូប និងអត្ថន័យជាដើម។ ចំពោះរបៀបវារៈទី២ គណៈអចិន្ត្រៃយ៍បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដោយសម្របសម្រួលឲ្យដំណើរការល្អប្រសើរ និងជម្រះបញ្ជីចាស់ ដើម្បីបន្តធ្វើដំណើរតទៅមុខទៀត ប្រកបដោយភាពរលូន។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំក៏បានលើកឡើងអំពីគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការរៀបចំឡើងវិញក្នុងការបញ្ជូនអត្តពលិកកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ដែលនេះឯកឧត្តមចាត់ទុកថា ជាការពន្លឿននៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩កាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្តពលិកជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

ប្រភព Cambodia SEA GAMES 2023 @Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post