header ads

Sponsor

ភ្នំពេញ៖ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងលើការនាំស្វាយទៅចិនហើយ នៅព្រឹកថ្ងៃទី៩ មិថុនានេះ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកកិច្ចព្រមព្រៀងនាំស្វាយទៅចិននេះ នឹងធ្វើឱ្យម្ចាស់ចំការ និងពាណិជ្ជករ លែងកង្វល់រឿងតម្លៃស្វាយធ្លាក់ចុះ។

សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន»។

បើតាមសម្ដេច ហ៊ុន សែន អាជីវករមួយចំនួន បានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០លើផ្ទៃដី ២១,២៨៦ហិកតាហើយ។នាយករដ្ឋន្រ្តី បានបញ្ជាក់ថា ការនាំផ្លែស្វាយចេញទៅប្រទេសចិននេះ នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ដែរ។«យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យនិងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន»។ នេះជាការបញ្ជាក់របស់សម្ដេច។

លោកនាយករដ្ឋមន្ត្រី ក៏អំពាវនាវឱ្យប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឱ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអាចមានលទ្ធភាពកែច្នៃផ្លែស្វាយ និងទទួលបានផលប្រយោជន៍កាន់តែច្រើន។ សម្ដេច បានបន្ថែមថា៖«អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) អោយបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស»។

កម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ «លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន» នៅព្រឹកថ្ងៃទី៩ មិថុនានេះ។ បើតាមគម្រោងនោះ កម្ពុជានឹងនាំផ្លែស្វាយទៅកាន់ទីផ្សារចិន ៥០ម៉ឺនតោនក្នុងមួយឆ្នាំ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post