មតិយោបល់
អាម៉ាប៉ាប៉ាញ៉ូសសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។ ជាង២០ឆ្នាំមកនេះ គឺយូរខ្លាំងណាស់! បងប្អូនប្រជាពលរដ្ឋ ១៦គ្រួសារមានក្តីក្តាំនឹងគ្នារហូតដល់សព្វថ្ងៃព្រោះតែចែកដីគ្នាមិនត្រូវ (មានគំនូសវាស់វែងហើយក្តី ក៏ចែកមិនត្រូវគ្នា) ហើយបើទោះបីមាន សជណ ដល់៣ និងចំណារឯកភាពពី សម្តេចតេជោ ដល់៤ ជាមួយនឹងការសម្របសម្រួលពីអាជ្ញាធរខេត្តក្តី ក៏ដោះមិនចេញ គឺមានតែប្តឹងផ្តល់ចោទប្រកាន់គ្នាយកឈ្នះរៀងៗខ្លួន ហើយបន្តរស់នៅជាមួយគំនរបញ្ហារាំរ៉ៃរហូតអ្នកខ្លះក៏បានស្លាប់ជាបន្តបន្ទាប់ ហើយបានបន្សល់ទុកបញ្ហាកាន់តែច្រើនអោយអ្នកក្រោយរកដំណោះស្រាយមិនចេញ។ គួរអោយអាសូរបងប្អូនខ្លាំងណាស់។ ខ្ញុំមិនដឹងថាតើករណីដូចនេះកំពុង មាននៅទីណាទៀតទេ?
នៅថ្ងៃទី ២៩-៣០ ខែ កក្កដា នេះ ខ្ញុំបានជួបមីងតំណាងអោយ ១៦ គ្រួសារ និងភាគីអ្នកប្តឹងតវ៉ា ៥ គ្រួសារ។ ក្រោយពីបានពិនិត្យឯកសារ សជណ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងឯកសារគតិយុត្តជាច្រើនទៀត ព្រមទាំងការឆ្លើយបំភ្លឺពីគ្រប់ភាគីដោយផ្ទាល់មាត់ទាំងអស់រួចមក ខ្ញុំក៏បានពិភាក្សាសម្របសម្រួលផ្សះផ្សាគ្រប់ភាគីទំនាស់ទាំងអស់ ដោយឈរលើគោលការណ៍ឈ្នះឈ្នះរបស់ សម្តេចតេជោ រហូតឈានទៅបញ្ចប់វិវាទនេះជាស្ថាពរនៅព្រឹកថ្ងៃទី ៣០ ខែ កក្កដា ម្សិលមិញ។ គ្មានអ្វីសប្បាយរីករាយជាងពេលចប់ក្តីក្តាំគ្នានៅតុលាការ ហើយក៏គ្មានអ្វីសប្បាយរីករាយនៅពេលដែលទទួលបានប័ណ្ណដីកម្មសិទ្ធរស់នៅស្របច្បាប់ជាមួយក្រុមគ្រួសារដែរ។
ខ្ញុំបាទសូមគោរពអរគុណសម្តេចប្រមុខដឹកនាំយ៉ាងជ្រាលជ្រៅបំផុត ដែលបានផ្តល់យុត្តិធម៍ដល់បងប្អូនប្រជាពលរដ្ឋទាំង ១៦គ្រួសារនៅប៉ោយប៉ែត បន្ទាយមានជ័យ ដែលទទួលបានការដោះស្រាយបញ្ចប់វិវាទដីធ្លីជាស្ថាពរកាលពីថ្ងៃទី៣០ កក្កដា ២០២០ ម្សិលមិញ។
ខ្ញុំសូមអរគុណលោកអភិបាលខេត្តបន្ទាយមានជ័យ លោកប្រធាន និង អនុប្រធានសុរិយោដីខេត្ត និងអាជ្ញាធរខេត្តព្រមទាំងមេធាវីស្ម័គ្រចិត្ត និងក្រុមការងារដែលបានចូលរួមជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការតាមកគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។ បងប្អូនពូមីងមាដែលមានទុក្ខលំបាកអស់រយៈពេលជាង២០ឆ្នាំមកនេះ គឺផុតទុក្ខត្រឹមនេះនៅក្រោមម្លប់សន្តិភាព។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕