Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្ពុជា បានស្នើសុំភាគីចិន ជួយពន្លឿនការចរចាពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់នាំចេញ និងបង្កើនទំហំពាណិជ្ជកម្មឱ្យកើនដល់១០ពាន់លានដុល្លារអាមេរិក។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅកិច្ចប្រជុំជាមួយលោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន ស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020)  រវាងកម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៣០ កក្កដា។

បើតាមលោក ប៉ាន់ សូរស័ក្តិ ផលិតផលកសិកម្ម ដែលកម្ពុជា-ចិន ពិភាក្សាលើពិធីសារអនាម័យ និងភូតគាមអនាម័យនោះ រួមមានផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំជាដើម។ កន្លងទៅ កម្ពុជា និងចិន បានចុះពិធីសារអនាម័យ និងភូតគាមអនាម័យជាបន្តបន្ទាប់ ក្នុងការនាំចេញកសិផលពីកម្ពុជាទៅកាន់ចិន មានដូចជា អង្ករ ដំឡូងមី ពោត ចេក និងផ្លែស្វាយ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា ក៏បានស្នើភាគីចិនឱ្យជួយគាំទ្រអភិវឌ្ឍន៍ធុរកិច្ចដែលកំពុងងើបឡើង ដូចជា សេដ្ឋកិច្ចឌីជីថល ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។ ជាពិសេសជួយកម្ពុជារៀបចំរចនាសម្ព័ន្ធឧស្សាហកម្មឱ្យប្រសើរឡើង និងលើកកម្រិតឧស្សាហូបនីយកម្មស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចសកលផងដែរ។

កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ និងឈានដល់បង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន នៅឆ្នាំ២០១៩។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានកំណើនជាង ៦ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ និងហក់ឡើងដល់ប្រមាណ ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩។ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានប្តេជ្ញាខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់១០ ពាន់លានដុល្លារ នាឆ្នាំ២០២៣ខាងមុខ។

កម្ពុជា-ចិន ទើបតែបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) កាលពីថ្ងៃទី២០ កក្កដា។ តាមរយៈកិច្ចព្រមព្រៀងកម្ពុជា ទទួលបានកាអនុគ្រោះពន្ធលើផលិតផលនាំចេញ៣៤០មុខទៅកាន់ប្រទេសចិន។ ទំនិញទាំងនោះ គឺទទួលបានការអនុគ្រោះ៩៥ភាគរយ ក្រៅពីនោះទំនិញដែលនៅជាប់ពន្ធ៥ភាគរយទៀត នឹងត្រូវកាត់បន្ថយថ្លៃពន្ធបន្តិចម្តងៗ រហូតទាល់តែរួចពន្ធអស់ ។ ទំនិញដែលទទួលបានការអនុគ្រោះពន្ធនោះ មានដូចជា ផលិតផលម្រេច ត្រី សាច់ បន្លែ ផ្លែឈើ និងផលិតផលកសិកម្មជាច្រើនទៀត ។

ជាមួយគ្នានេះកម្ពុជា ក៏បានអនុគ្រោះពន្ធចំពោះទំនិញចិន ប្រមាណ ៩០ភាគរយ ដែលនាំចូលមកកម្ពុជាផងដែរ ។ផលិតផលទាំងនោះ ភាគច្រើនជាវត្ថុធាតុដើម គ្រឿងបន្លាស់ គ្រឿងចក្រ និងបង្គុំផ្សេងទៀត ៕

លោក ប៉ាន់ សូរស័ក្តិ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor