
បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូសក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ។
កម្ពុជានឹងបន្តធ្លាក់ភ្លៀងរាយប៉ាយចាប់ពីថ្ងៃទី ២២-២៨ ខែកក្កដា ហើយតំបន់មួយចំនួនមានអាកាសធាតុដូចខាងក្រោម៖
បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២៦-២៧ °C និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតិចទៅច្រើន នៅផ្នែកខ្លះនឹងមានភ្លៀងធ្លាក់ខ្លាំង។
សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់រាយប៉ាយពីល្បឿនតិចទៅបង្គួរ ដែលមានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C។រីឯនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីល្បឿនខ្សោយទៅមធ្យម ហើយសីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវនៅថ្ងៃទី ២១ ខែកក្កដានេះ សូមឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕
