ខេត្តព្រះសីហនុ៖ តើមានអ្វីនៅពីក្រោយវាំងននខ្មៅរឿងដីនៅតំបន់អូរអារេវ ស្ថិតក្នុងក្រុមទី១៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលលោក គិត ប៊ុននិងលោកស្រី ឡឹកលក្ខិណា ហ៊ានយកប័ណ្ណដែលរដ្ឋនិរាករណ៍ចោល មានរាប់ពាន់ប័ណ្ណ ក្នុងចំណោមនោះ ទៅដាក់ពាក្យប្តឹងផ្តល់គ្នាទាមទារតែម្នាក់ឯង ហើយបានយកដែកទៅសាងសង់(ឃ្លាំងអត់ច្បាប់) ជាច្រើនល្វែងធ្វើព្រងើយថែមទៀត? ប្រការនេះបាននាំអំពុល ដល់មន្ត្រីរាជការសព្វថ្ងៃយ៉ាងខ្លាំង ព្រោះតែមួយគ្រួសារមានទ្រព្យស្តុកស្តំមួយនេះ រហូតនាំឲ្យមហាជនដាក់ការសង្ស័យថា អាចនឹងបង្កប់រឿងមិនប្រក្រតីណាមួយក៏មិនដឹង?។
បើយោងតាមសេចក្តីជូនដំណឹងលេខ ៧៤៥/១៨.សជណ ចុះថ្ងៃទី ២៦ខែធ្នូ ឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកលោក គិត ប៊ុន និងអ្នកស្រីឡឹកលក្ខិណា ដែលមានខ្លឹមសារថារដ្ឋបាលខេត្តព្រះសីហនុពិនិត្យឃើញថាទីតាំងដីរបស់លោក លោកស្រីដែលមានប័ណ្ណលេខ A1 911 គឺត្រូវបាននិរាករណ៍តាមលិខិតលេខ ១០៣៩ សជណ.កស ចុះថ្ងៃទី ០២ ខែសីហាឆ្នាំ ១៩៩៩ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីអស់ទៅហើយ។
ហើយរហូតមកដល់ថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០ រដ្ឋបាលខេត្តព្រះសីហនុក៏ធ្លាប់បានចេញលិខិតលេខ ០៤៤/២០.សជណ ជម្រាបមកលោក គិត ប៊ុននិងលោកស្រីឡឹកលក្ខិណាម្តងទៀត ក្នុងកម្មវត្ថុ ស្ដីពីការផ្អាកការសាងសង់និងរុះរើនៅសំណង់ព្រមទាំងការ្យទាំងឡាយដែលបានសាងសង់និងកំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្តនិងដីដែលរដ្ឋបាលខេត្តបានបែងចែកជូនប្រជាពលរដ្ឋស្ថិតនៅភូមិ២ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលចុះហត្ថលេខាដោយអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមគួចចំរើន ។
ក្រោយមកមិនមានការរុះរើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្រាប់តែនៅវេលាម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ លោក លៀម សុដាអភិបាលរងខេត្តព្រះសីហនុបានដឹកនាំមន្ត្រីចុះទៅវាស់វែងដីនោះវិញ។
ក្រោយមកនៅព្រឹកថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២០ ក៏បានលេចមុខ លោក ប៊ូវឌ្ឍនា នាយករងទីចាត់ការអន្តរវិស័យថ្មីដឹកនាំកំលាំងនិងមន្ត្រីជំនាញទៅចុះវាស់វែងដីបម្រុងរបស់រដ្ឋបាលខេត្តនេះម្ដងទៀត តាមការចង្អុលបង្ហាញរបស់លោកគិតប៊ុននិងប្រពន្ធហើយនិងលោកម៉ម ឈាង តំណាងពលរដ្ឋ១៨គ្រួសារ ទៅវិញ។ ហើយបើតាមការឲ្យដឹងនៅព្រឹកថ្ងៃទី ៣១ ខែកក្ដដាឆ្នាំ ២០២០ ខាងមុខនេះនឹងមានកិច្ចប្រជុំបិទទ្វារមួយទៀតនៅសាលាខេត្តព្រះសីហនុ ក្នុងសំណុំរឿងមួយនេះដដែល។
ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់នេះនិងពលរដ្ឋដែលកំពុងមានដី ពាក់ព័ន្ធក្នុងនេះ កើតចម្ងល់យ៉ាងទម្ងន់ដោយសារការអនុវត្តគ្មានប្រសិទ្ធភាពលើបុគ្គលមានលុយ ដែលទោះលិខិតបទដ្ឋាននានាបានចេញរួចហើយ តែការអនុវត្តហាក់បង្កប់អត្ថន័យផ្សេង។ ពលរដ្ឋនៅតែរង់ចាំមើលពីចំណាត់ការរបស់ ថ្នាក់ដឹកនាំខាងលើ លោកនិងដោះស្រាយជូនពលរដ្ឋយ៉ាងណា..?៕
ប្រភព VD7NEWS