កំពត ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ រួមនិងកូនស្រីអាយុប្រហែលជា៦ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈរថយន្តក្រឡុកស៊ីម៉ងត៍ម៉ាក SHACMAN ពណ៌ស បុកពេញទំហឹង ហើយកិនពីលើ ទើបបណ្តាលឲ្យស្ត្រីរូបនេះ និងកូនស្រីតូចស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤ និង១០នាទី រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលទឹករលក(ខាងលិចស្ពានថ្មី) នៃកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
សពស្ត្រីរងគ្រោះមានឈ្មោះ សេង កក្កដា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត និងកូនស្រីម្នាក់រួមដំណើរមិនស្គាល់អត្តសញ្ញាណអាយុប្រហែល៦ឆ្នាំ ដែលស្លាប់ជាមួយម្តាយ ដែលមានផ្ទៃពោះខាងលើ។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ គេឃើញរថយន្តបង្កម៉ាក Shacman ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F- 0923 បើកមកពីពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពត 1Q-8833 បើកបរដោយស្ត្រីរងគ្រោះ និងរួមដំណើរជាមួយកូនស្រី ក្នុងទិសដៅស្របគ្នា ហើយរថយន្តបង្កក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ហើយកិនពីលើ បណ្តាលឲ្យស្ត្រី និងកូនដែលជិះលើម៉ូតូស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបានបញ្ជាក់ថា អ្នកបើកបរសមត្ថកិច្ចមិនទាន់បានបង្ហាញអត្តសញ្ញាណទេ ប៉ុន្តែត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងពិនិត្យសំណុំឯកសារផ្សេងៗពាក់ព័ន្ធនឹងការបើកបរបង្កគ្រោះថ្នាក់។
បន្ទាប់ពីសមត្ថកិច្ចចរាចរណ៍ខេត្តធ្វើការពិនិត្យវាស់វែងកន្លែងកើតហេតុរួចមក ក៏បានទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិ ដើម្បីប្រគល់សាកសពស្ត្រីរងគ្រោះ និងសពកូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក និងអ្នកបើកបរសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕