សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ លោក ព្រំ រ៉ាត ជាកសិកររស់នៅឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ បានចាប់មុខរបរចិញ្ចឹមបង្កងក្នុងកសិដ្ឋានរបស់ខ្លួន អាចរកប្រាក់ចំណូលពី ៦ម៉ឺនដុល្លារ ទៅ ៧ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ។

កសិករ ព្រំ រ៉ាត បញ្ជាក់ថា លោកប្រកបរបរចិញ្ចឹមបង្កងនេះ ចាប់តាំងពីឆ្នាំ ២០០៧មក។ បច្ចប្បន្នលោកមានស្រះចញ្ចឹមបង្កងចំនួន១០ ស្រះ លើផ្ទៃដី ៤,៥ ហិកតា ដោយទិន្នផលទទួលបានពី ២-៣តោនក្នុងមួយស្រះ។ កសិករចិញ្ចឹមបង្កងទទួលបានជោគជ័យរូបនេះបន្តថា លោកបានដាក់កូនចិញ្ចឹម ៥ម៉ឺនកូន ហើយអាចភ្ញាស់កូនចិញ្ចឹមបាន ៦០ម៉ឺនកូនក្នុងមួយឆ្នាំ សម្រាប់ការចិញ្ចឹមក្នុងកសិដ្ឋាន និងលក់ចែកចាយឲ្យអ្នកចិញ្ចឹមនៅទូទាំងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

បើតាមលោក រ៉ាត ជាធម្មតាបង្កងផ្តល់ទិន្នផលក្នុងរយៈពេល ៧ ទៅ៨ខែ។ ក្នុងរយៈពេលនេះ បង្កង១០អាចមានទម្ងន់ ១គីឡូក្រាម។ ចំណែកតម្លៃវិញ ១គីឡូក្រាម អាចលក់បានក្នុងតម្លៃ ៦-៧ម៉ឺនរៀល។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកកម្ម រុក្ខប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ព្រំ វ៉ាត ដែលទទួលបានជោគជ័យក្នុងការចិញ្ចឹមបង្កងនៅពេលនេះ ដែលមានចំណេះដឹងចិញ្ចឹមបែបធម្មជាតិ ដូចជាភ្ញាស់កូន ការផ្គត់ផ្គង់ទឹក ហើយអ្វីដែលពិសេសនោះ គឺអាចមាននិរន្តភាពសេដ្ឋកិច្ចគ្រួសារផងដែរ។

នៅពេលដែលបានចុះទៅដល់កសិដ្ឋានលោក ព្រំ រ៉ាត លោករដ្ឋមន្រ្តី បានជំរុញ ឲ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ចិញ្ចឹមដល់ដៃគូពាក់ព័ន្ធ ដើម្បីជាមធ្យោបាយដ៏ល្អប្រសើរសម្រាប់ការពង្រីកអាជីវកម្មចិញ្ចឹមបង្កងឲ្យមានការរីកដុះដាលនៅទូទាំងខេត្តតាកែវ និងក្រៅដំបន់ និងចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កងឲ្យទីផ្សារក្នុងស្រុកដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ សុន មិនា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor