សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ កក្កដា មីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរៀបចំឥណទានឡើងវិញ ដល់អតិថិជនដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ជាង២២ម៉ឺននាក់ ក្នុងទំហំឥណទានជាង ១១០០លានដុល្លារ។ នេះបើតាមរបាយការណ៍សមាគមមីក្រូហិរញ្ញវត្ថុ។
សមាគមមីក្រូហិរញ្ញវត្ថុ ប្រាប់ឱ្យពលរដ្ឋដែលរងផលប៉ះពាល់ និងជួបបញ្ហាប្រាក់ចំណូល ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្ដល់ព័ត៌មានទៅគ្រឹះស្ថានកម្ចីឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប។សមាគមបានប្រមូលទិន្និន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្តាហ៍ ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះត្រូវប្រមូលឡើងក្នុងគោលបំណង តាមដានផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ១៩ ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ ពលរដ្ឋជាង ២,១លាននាក់ និងមានឥណទានសរុប ជាង៣០ ទ្រីលានរៀល (៧,៤ ប៊ីលានដុល្លា) ជាប់បំណុលមីក្រូហិរញ្ញវត្ថុ។ ដោយឡែកអតិថិជនបញ្ញើសរុបមានជាង ២,៨លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ១៥ ទ្រីលានរៀល (៣,៧ ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យតំណាងចំនួនប្រមាណ ១,៤៤៨ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ៣៦,០៨៩ នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត ៕