សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលមន្ត្រីជាន់ខ្ពស់ និងជាជំនួយការសម្តេចប្រមុខរាជរដ្ឋាភិបាល បានរិះគន់លើសេវាបញ្ជាក់លិខិតស្នាម នៅការិយាល័យច្រកចេញចូលតែមួយ នៅក្នុងខណ្ឌមួយ នៅរាជធានីភ្នំពេញ ដែលមិនចេញឈ្មោះ។
បើតាមគណ.នីផ្លូវការ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ដួង តារា បានសរសេរថា «មុននេះបន្តិច ខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណ នៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។ ខ្ញុំពិតជាខកចិត្ត និងសោកស្តាយចំពោះសេវាកម្មបម្រើប្រជាលរដ្ឋនៅទីនោះ ដែលខ្វះភាពរស់រាយរាក់ទាក់ និងមិនបានបង្ហាញខ្ញុំ ឲ្យច្បាស់ថា ត្រូវទៅតុណាមួយ ...ជួបអ្នកណា...»។
ឯកឧត្តម បន្តថា «មន្ត្រីក្មេងៗ ក្រៅពីសមត្ថភាពចំណេះដឹង ត្រូវមានសមត្ថភាពសុជីវធម៌និងគុណធម៌ក្នុងខ្លួន ហើយមានបេះដូងថ្លើមប្រម៉ាត់រីករាយ ក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង»។
ជាមួយគ្នានេះដែរ អ្នកខ្លះ លើកឡើងថា «នៅពេលនេះ បងបានជួបខ្លួនឯងហើយបង បងពិតជាខកចិត្តដូចខ្ញុំ ដែរ! មិនមែនតែខណ្ឌទេបង ស្ទើរតែគ្រប់កន្លែង ជាពិសេស គឺកន្លែង ដែលមានការបង់ប្រាក់ណាបង! មន្ត្រីមួយចំនួនលេងសើច និយាយតែរឿង ក្នុងម៉ោងធ្វើការ ខ្ញុំធ្លាប់ជួបប៉ុន្មានដងហើយបង»។
ក្នុងនោះ ក៏មានអ្នកបញ្ចេញយោបល់ដែរថា «ឯកឧត្តម ជាទីប្រឹក្សាសម្ដេចផង នៅតែពួកគាត់ធ្វើព្រងើយដាក់ ឬមិនមានភាពរួសរាយរាក់ទាក់ ចុះទំរាំខ្ញុំជារាស្ត្រសាមញ្ញ ទៅរំពឹងអី?»៕