សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា មន្ត្រីនគបាលទាំងអស់ដើម្បីបម្រើការងារឲ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អជូន ប្រជាពលរដ្ឋ គឺតម្រូវឱ្យ មានទាំងបទពិសោធ និងចំណេះដឹងដែលចំនុចទាំងពីរនេះត្រូវដើរទន្ទឹមគ្នាហើយមិន ត្រូវមានអំនួតចំពោះបុគ្គលខ្លួនឯងទាំងដែលខ្លួនគ្មានសមត្ថភាពបំពេញការងារបាននោះឡើយ។

សម្តេចបន្តថា «អ្នកខ្លះរៀនចប់ហើយ មកសុំស័ក្កិ ហើយសុំល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំឡើងពីរដងក៏មាន តែឲ្យទៅធ្វើការ ធ្វើអត់កើត»។

សម្ដេចថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។

សម្ដេច ស ខេង បានឲ្យដឹងថា ចំពោះការជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ហើយរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ ពីព្រោះដោយហេតុថាពួកគាត់ទាំងនោះស្គាល់មូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួល ធ្វើការងារ ជូនប្រជាពលរដ្ឋ និងគ្រប់គ្រងមូលដ្ឋានមានប្រសិទ្ធភាពផងដែរ។

សម្តេច បន្ថែមថា សព្វថ្ងៃនេះមន្ដ្រីនគរបាលនៅតាម មូលដ្ឋានងាយស្រួលរកណាស់ ពីព្រោះក្មួយៗមានចំណេះដឹងច្រើនណា ដែលខុសពីសម័យមុនប៉ូលិសមួយចំនួនមិនចេះអក្សរឡើយ ហើយការរើសប៉ូលីសគឺធ្វើឲ្យតែបាន គ្មានគិតពីចំណេះដឹងនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post