header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោក រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់នៅថ្ងៃទី៨កក្កដានេះថា ក្រសួងនឹងស្នើសុំការសម្រេចពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតដំណើរការសាកល្បងដំណាក់កាលទី១សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូចក្នុងកំឡុងខែសីហា ឆ្នាំ២០២០។

មន្រ្តីក្រសួងអប់រំ បានជួបពិភាក្សាជាមួយមន្រ្តីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។

ក្រសួងអប់រំ នឹងស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សា ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩ ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព ការវាស់កំដៅបុគ្គលជាប្រចាំ និងការលាងដៃជាប្រចាំ ការពាក់ម៉ាសជាដើម។

គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី គឺរៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា ត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។

គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស ហើយក្រសួងនឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងមុឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។

ផ្អែកតាមបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post