header ads

Sponsor

ភ្នំពេញ៖ ក្រោយពីមានការទាក់ទិនបញ្ហាទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រហូតឈានដល់អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់ យកទៅសួរនាំផងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានបន្តធ្វើការព្រមានលើមានមន្រ្តីខិលខូចណា នៅតែបន្តឃុបឃិតគ្នាយកដីរដ្ឋ និងរំលោភយកដីរបស់ប្រជាពលរដ្ឋ នឹងត្រូវប្រឈមជាមួយការដកហូតមុខតំណែងចោល និងបណ្ដេញចេញពីគណបក្សប្រជាជនកម្ពុជាភ្លាមៗ គឺមិនបណ្តែតបណ្តោយឡើយ។

កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ បាន ប្រកាសដកហូតតំណែងមន្រ្តីខិលខូចក្នុងជួររាជ រដ្ឋាភិបាលជាច្រើន ដោយហេតុ ពួកគេមិនបានគោរព និងធ្វើតាមអភិក្រមទាំង៥ដែលសម្ដេចបាន ដាក់ចេញ។

ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការ កុំឲ្យក្លាយជាសង្រ្គាមដីធ្លី។

សម្ដេចបញ្ជាក់ថា ចំពោះករណីទំនាស់ដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រសួងស្ថាប័នពាក់ព័ន្ធនិង រដ្ឋបាល ខេត្តត្រូវដកហូតត្រឡប់មកវិញនូវដីដែល បុគ្គលឈ្មោះ សង ថន បានទន្ទ្រានរំលោភយកដោយ ខុសច្បាប់ និងត្រូវប្រគល់ឲ្យរដ្ឋបាលខេត្តបាត់ដំបងគ្រប់គ្រងនិងរក្សាទុកសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ក្នុងគោលដៅសម្បទានសង្គមកិច្ច។

សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា “ដំណាក់កាលនេះ ជាពេលដែលត្រូវ ធ្វើការវះកាត់រាល់ជនខិលខូចទាំងឡាយណាដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ ហើយប្រើកលល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោស ហើយនឹងឈានដល់ការដកហូតមុខតំណែង បណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង”។

សម្ដេចសង្កត់ធ្ងន់ថា ចំពោះបណ្ណកម្មសិទ្ធិដីធ្លីទាំងឡាយណាដែលចេញពីអំពើរទុច្ចរិត គឺត្រូវធ្វើមោឃភាពចោល (ចាត់ទុកជាអសាបង់ ឬមិនបានការ)។

លើសពីនោះទៀតសម្ដេចក៏បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម… ដែលមានពលរដ្ឋ បានមកធ្វើផ្ទះរស់ នៅជាងដប់ម្ភៃឆ្នាំមកហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post