header ads

Sponsor

ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

តទៅនេះខ្ញុំជូនឯកសារខ្លីស្វែងយល់ពីប្រភេទសត្វកេងកងនៅកម្ពុជា និង នៅឧទ្យានតេជោសែនឬស្សីត្រឹប។ ប្រទេសកម្ពុជាតាមការសិក្សាតាំងពីឆ្នាំ 1960 មកប្រភេទសត្វកេងកងមាន ៤ប្រភេទ៖

-ប្រភេទទី១ : Great Hornbill / Great Indian Hornbill (Buceros bicornis)

-ប្រភេទទី ២ : Wreathed Hornbill (Aceros undulatus)

-ប្រភេទទី ៣ : Oriental Pied Hornbill (Anthracoceros albirostris)

-ប្រភេទទី៤ : Brown Hornbill (Anorrhinus tickelli)

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

សត្វប្រភេទទី១ និងទី២ ត្រូវរងគ្រោះខ្លាំងស្ទើរគ្មានសល់ នៅឡើយតែប្រភេទទី៣ ដែលអាចមានច្រើនគួរសមរហូតដល់សព្វថ្ងៃនេះ។ ដោយឡែកសត្វកេងកងប្រភេទទី៤ គឺ ប្រភេទ Brown Hornbill (Anorrhinus tickelli) ត្រូវបានអះអាងពីវត្តមានរបស់វា នៅកំលុងឆ្នាំ១៩៩៨ នៅក្នុងព្រៃតំបន់ភ្នំគីរីរម្យ។

ខ្ញុំសូមលើកយកព័ត៌មានខ្លះពីប្រភេទសត្វកេងកងប្រភេទទី៣ ដែលក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានយកមកចិញ្ចឹមនៅក្នុងព្រៃឧទ្យាន នោះគឺប្រភេទកេងកងដែលមានឈ្មោះជាភាសាអង់គ្លេសថា Oriental Pied Hornbill។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦

ប្រភេទសត្វកេងកងនេះ ជាប្រភេទសត្វបក្សីមានឈ្មោះវិទ្យាសាស្ត្រថា អង់ស្រ្តាកូសេរ៉ូស អាល់ប៊ីរ៉ូស្រ្តីស (Anthracoceros albirostris) ចូលចិត្តរស់នៅតាមដើមឈើធំ មានមែកបែកសាខាធំទូលាយ ស្ថិតក្នុងសន្ដានប៊ុយសេរ៉ូទីដេ (Bucerotidae)។ វាជាអំបូរសត្វដែលមានមាឌតូចជាងគេក្នុងចំណោមពូជអំបូរសត្វកេងកងនៅតំបន់អាស៊ី ហើយក៏ជាសត្វមានចំនួនច្រើនជាងគេផងដែរ សំបូររស់នៅតំបន់ឧបទ្វីបឥណ្ឌា និងនៅតំបន់អាស៊ីអាគ្នេយ៍។

ជាទូទៅប្រភេទចំណីដែលវាស៊ី មានដូចជា ផ្លែឈើ សត្វល្អិត ត្រីតូចៗ ឧរង្គសត្វតូចៗ ហើយពេលខ្លះវាក៏ស៊ីពួកឋនិកសត្វនិងបក្សីតូចៗរួមទាំងស៊ុតបក្សីផងដែរ។ សត្វកេងកង ចូលចិត្តស៊ីផ្លែឈើព្រៃមួយចំនួនដូចជាផ្លែល្វា ផ្លែជ្រៃ និងផ្លែឈើដែលស្រដៀងគ្នានេះ ផ្លែសាវម៉ាវ ផ្លែត្នោត ផ្លែល្ហុង ជាដើម។ កណ្តូប ជិងចក់ បង្កួយ ថ្លែន ពស់ កង្កែប ត្រី ក៏ចាត់ទុកជាប្រភេទចំណីដែលសត្វកេងកងតាមប្រមាញ់ដូចគ្នា។

សត្វកេងកង ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វស្មោះនឹងដៃគូ និងបន្តពូជនៅចន្លោះខែមករា និងខែមិថុនា។ ជាទូទៅច្រើនចាប់ផ្ដើមបន្តពូជនៅខែកុម្ភៈ។

សត្វកេងកង មិនមែនជាសត្វពូកែឬឧស្សាហ៍នឹងធ្វើសំបុកដោយខ្លួនឯងទេ វាច្រើនប្រើប្រាស់សំបុកដែលសត្វផ្សេងបានធ្វើ ឬជ្រើសយកប្រហោងឈើធំៗ។ ដោយ សារ វា ជា សត្វ ដែល ត្រូវការតែសំបុកដែលមានស្រាប់បែបនេះ ធ្វើឱ្យការស្វែងរកទីតាំងសំបុកដែលសមស្របពិបាក ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ការបន្តពូជរបស់វា។

នៅពេលដែលសត្វញីជ្រើសរើសបានសំបុករួច សត្វឈ្មោលបានក៏ចាប់ផ្ដើមបិទមាត់រន្ធសំបុកដោយរក្សាទុកតែចន្លោះ សម្រាប់ ផ្ដល់ ចំណី ទៅ ឱ្យ សត្វញី ដែល ត្រូវ ពង និង ក្រាប ភ្ញាស់ កូន ។ ទាំងមេនិងកូនដែលញាស់ ត្រូវបន្តនៅក្នុងរន្ធសំបុកជាច្រើនខែបន្តទៀត។

អត្ថបទ៖ ហេង វីរិទ្ធិ កាលបរិច្ចេទ៖ ១ កក្កដា ២០២០

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post