សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

លោក ឡាច ណាម កសិករខេត្តបាត់ដំបងបានប្រកបរបរដាំសណ្ដែកទ្រើងចំណេញប្រាក់ជិត ៥លានរៀល(៤ ៨៩០ ០០០៛) ក្នុងមួយវគ្គ ដោយបច្ចុប្បន្នកំពុងប្រមូលផលសណ្តែកទ្រើងបានចំនួន ៦០គីឡូក្រាម/ថ្ងៃ ដែលទទួលបានតម្លៃជាមធ្យមចំនួន ១ ៥០០រៀលក្នុង១គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទនៅថ្ងៃទី ១៦ ខែកក្កដានេះ។

លោក ណាម មានស្រុកកំណើតនៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានចាប់ ផ្តើមដាំបន្លែអស់រយៈពេលពី ៥-៦ឆ្នាំមកហើយ ដែលបានដាំដុះលើផ្ទៃដីសរុបចំនួន ១,៩២៥ ហិកតា ក្នុងនោះមានផ្ទៃដីដាំសណ្តែកទ្រើងចំនួន ០,២២៥០ ហិកតា(ប្រហែល២២ អា) ត្រប់ ០,៧០ ហិកតា និងផ្ទៃដីដាំត្រសក់ទ្រើង ១ ហិកតា។ បច្ចេកទេសដាំដុះបន្លែនេះ គឺទទួលបានពីគម្រោង HARVEST ហើយគម្រោងនេះបានបញ្ចប់ហើយ។បន្ទាប់មកលោក ណាម ក៏បានទទួលការគាំទ្របច្ចេកទេសបន្ត ពីមន្ត្រីការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

ម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងទៀតថា សណ្តែកទ្រើងដាំលើផ្ទៃដី ០,២២៥០ហិកតា ចំណាយប្រាក់សរុបចំនួន ១ ៨៦០ ០០០រៀល ហើយទទួលបានប្រាក់ចំណូលសរុបចំនួន ៦ ៧៥០ ០០០រៀល និងទទួលប្រាក់ចំណេញបានចំនួន ៤ ៨៩០ ០០០រៀល ក្នុងមួយរដូវរបស់សណ្តែកទ្រើង ដោយការដាំដុះសណ្តែកទ្រើងនេះមួយវគ្គមានរយៈពេល ៧៥ថ្ងៃ។

កសិករនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងកំពុងខិតខំដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារដែលទទួលបានការគាំទ្រ និងអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor