សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចឱ្យផ្អាកជាបណ្ដោះអាសន្ន​នូវ​ជើង​ហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១ សីហាទៅ។ សម្ដេច ហ៊ុន សែន បាន​សម្រេចយល់ព្រមផ្អាកជើងហោះហើរប្រទេសទាំងពីរជាបណ្ដោះអាសន្ននេះ ធ្វើ​ឡើង​តាមសំណើររបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ កក្កដា។  

រដ្ឋម​ន្ត្រីក្រសួងសុខាភិបាល បានប្រាប់សម្ដេច ហ៊ុន សែន នៅក្នុងលិខិតសុំគោលការណ៍ផ្អាក​ជើង​ហោះ​ហើរថា ក្នុងរយៈពេលចុងក្រោយ គឺចាប់ពីថ្ងៃទី២០ មិថុនា ដល់ ២៥ កក្កដា នេះ អ្នកដំណើរតាមជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រូវបានរក​ឃើញ​មាន​ជំងឺកូវីដ១៩ កើនឡើងគួរឱ្យកត់សម្គាល់។

លោក ម៉ម ប៊ុនហេង បានអះអាងថា អ្នកជំងឺកូវីដ១៩ ចុងក្រោយមាន១០៨នាក់ ភាគ​ច្រើន​តាមជើងហោះហើរពីម៉ាឡេស៊ី (៥៥នាក់ លើ១០៨នាក់) និងឥណ្ឌូនេស៊ី (៥៣នាក់) លើអ្នកដំណើរសរុប ២៣, ៥៦៧នាក់។

ក្នុងលិខិតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលត្រូវបាននាយករដ្ឋមន្ត្រី អនុម័តយល់ព្រមនេះ បានបញ្ជាក់ថា ការសុំផ្អាកជើងហោះហើរពីប្រទេសទាំងពីរនេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ ពីខាងក្រៅ ក្នុងការការពារសុខភាពពលរដ្ឋទូទាំងប្រទេស។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការសុំផ្អាកជើងហោះហើរនេះ គឺចាប់ពីថ្ងៃទី១ សីហា រហូតដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិនិត្យ និងវាយតម្លៃ ទៅលើហានិភ័យនៃការចម្លងវីរុសកូវីដ១៩ និងសុំគោលការណ៍បើកជើងហោះហើរជាថ្មី ពីនាយករដ្ឋមន្រ្តី។

ទោះជាយ៉ាងណា ការសម្រេចនេះ ហាក់ផ្ទុយទៅនឹងការប្រកាសរបស់សម្ដេច ហ៊ុន សែន កាលពីថ្ងៃអង្គារ៍នៅពេលចុះជួបសំណះសំណាលជាមួយកសិករនៅខេត្តតាកែវ ដែល​សម្ដេចបានលើកឡើងថា រដ្ឋាភិបាលនឹងមិនហាមឃាត់ពល​រដ្ឋនៅក្រៅ​ប្រទេស​មិនឱ្យចូលប្រទេសកំណើតវិញឡើយ។

គិតត្រឹមថ្ងៃទី២៥ កក្កដានេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២២៥នាក់ ក្នុងនោះជាសះស្បើយ១៤៣នាក់ និងកំពុងសម្រាកព្យាបាល៨២នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor