header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា។ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី២១ កក្កដា។

លោក ស៊ុយ សាន បានបញ្ជាក់ថា អនុស្សរណៈនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមគ្នាស្វែងរក និងទប់ស្កាត់ លុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ជាពិសេសពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។

រដ្ឋលេខាធិការក្រសួងសាធារណការរូបនេះ បានបញ្ជាក់ដូច្នេះថា៖« អនុស្សរណៈយោគយល់នេះនឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណយានយន្ត ឬនាវា របស់បុគ្គលសង្ស័យដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដើម្បីចាត់វិធានការបង្ក្រាបបានទាន់ពេលវេលាប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់»។

បើតាមលោក ស៊ុយ សាន អនុស្សារណៈនេះ គឺជាឱកាសល្អមួយ សម្រាប់ស្ថាប័នពាក់ព័ន្ធ ធ្វើការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានា សំដៅរក្សាបាន នូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិន មករកស៊ីកម្ពុជាថែមទៀត។

ស្ថាប័នពាក់ព័ន្ធ ដែលស្ថិតនៅក្នុងពិធីចុះអនុស្សារណៈនោះ រួមមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គនាយដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា។

កាលពីថ្ងៃពី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងមក ព្រះករុណាព្រះបាទប​រមនាថ សម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានឡាយព្រះហស្ថ​លេខាប្រកាសឱ្យប្រើប្រាស់ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មគ្រប់រូបភាព ។ ច្បាប់នេះ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post