header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែ កក្កដានេះថា ទីលានចាក់សំរាម ដែលមានតម្លៃសរុបជាង ៥,៣១ លានដុល្លារអាមេរិក ជាថវិកាជាតិនឹងត្រូវសាងសង់ឡើងនៅក្នុងខេត្តព្រះសីហនុលើផ្ទៃដីសរុប ៥១ហិចតា។

លោក កឹម បូរី អនុរដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទីលានចាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ប្រើរយៈពេលនៃការសាងសង់ ១៧ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០។

លោកបានបញ្ជាក់ថា គម្រោងនេះសាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល ៥ឆ្នាំដំបូង និងមានសមត្ថភាពផ្ទុកសំរាមបានជាង ៨៨ម៉ឺនម៉ែត្រគូប មានរណ្តៅចំនួន ៤ ដោយរណ្តៅនីមួយៗមានទទឹងគិតជាមធ្យម ១៣០ម៉ែត្រ និងបណ្តោយ ១៥០ ម៉ែត្រ ជម្រៅចាប់ពី ២ទៅ ៤ ម៉ែត្រ និងមានប្រព័ន្ធរំដោះទឹកភ្លៀង២ណ្តៅ ប្រព័ន្ធប្រមូលទឹកកខ្វក់២ណ្តៅ និងមានបំពង់បញ្ចេញឧស្ម័នពុលផងដែរ។

លោកអនុរដ្ឋលេខាធិការគូសបញ្ជាក់ថា ការប្រើប្រាស់កញ្ចប់ថវិកាជាតិក្នុងការសាងសង់គម្រោងនេះ គឺដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឲ្យបរិស្ថានកាន់តែប្រសើរឡើង ឆ្លើយតបនិងការរីកចម្រើននៅក្នុងខេត្តនេះ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា សព្វថ្ងៃសំរាមនៅក្នុងខេត្តនេះមានប្រមាណ ៦០០ ទៅ ៧០០ តោនក្នុងមួយថ្ងៃ ដោយមិនបានគិតរួមទាំងសំរាមពីការដ្ឋានសំណង់នៅឡើយ។ តាមការសិក្សារបស់អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា មូលហេតុនៃការកើនឡើងសំរាមនៅក្នុងខេត្តនេះ ដោយសារសាលាក្រុងមិនមានថវិកាគ្រប់គ្រាន់ក្នុងការសាងសង់កន្លែងផ្ទុកសំរាម រីឯតម្លៃសេវាប្រមូលសំរាមមានការលំបាកក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុមានការខ្វះខាត កិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាមមិនមានតម្លាភាព ខ្វះការទំនាក់ទំនងក្នុងការប្រមូល និងការបញ្ចេញសំរាមក្នុងក្រុងនៅមានកម្រិតជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post