ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េ២នាក់ និងគ្រឿងញៀនជាង១គីឡូក្រាម នៅសង្កាត់ទួលទំពូង១ កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ។
កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ព្រមទាំងមានការចូលរួមដឹកនាំសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបក្រុមមុខសញ្ញាជនជាតិកូរ៉េ(ខាងត្បូង) ជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជា ទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម(WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ បន្តទៅឆែកឆេរបន្ទប់3D ក្នុងអាផាតមិនWISDOM APARTMENT និងបន្ទប់លេខF1 E12 ជាន់ទី១២ អាផាតមិនDIAMOND HOME1 ដែលបានជួលស្នាក់នៅ ជាលទ្ធផលចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់។
ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខM717071112 “មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ(និវេទន៍ក្រហម)”។
២-ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។
ចំពោះវត្ថុតាងចាប់យករួមមាន ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង១៣៨៩.៥៣g រថយន្ត១គ្រឿង ទូរសព្ទ៣គ្រឿង ជញ្ជីងថ្លឹង២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានបញ្ជូនមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕