Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំចំនួន៦ចំណុចដើម្បីឱ្យពលរដ្ឋអនុវត្តនៅអំឡុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាខាងមុន ដើម្បីការពារការចម្លងជំងឺកូវីដ១៩។

ក្រសួងបញ្ជាក់ថា ដើម្បីឱ្យមានការជួបបងប្អូនមានសុវត្ថិភាព គឺពលរដ្ឋត្រូវធ្វើដំណើរជាលក្ខណៈគ្រួសារទៅកន្លែងកម្សាន្តឬទីតាំងដែលមានខ្យល់ចេញចូលនិងមិនស្ថិតក្នុងទីកន្លែងបិទជិតនិងមានប្រើម៉ាស៊ីត្រជាក់។ ត្រូវកាត់បន្ថយការជួបជុំទទួលទានអាហារនិងជប់លៀងទ្រុងទ្រាយធំជាមួយមិត្តភក្ដិនៅក្រៅផ្ទះ ជៀសវាងការលេងល្បែងស៊ីសងនិងច្រៀងរាំដើម្បីផឹកស៊ីគ្រឹកគ្រៀងស្រវឹង និងជៀសវាងក្លឹបកម្សាន្តនិងខារ៉ាអូខេជាដើម ដែលឲ្យមានហានិភ័យខ្ពស់ក្នុងការចម្លង។

បន្ថែមពីនេះ ត្រូវជៀសវាងការធ្វើដំណើរតាមរថយន្តសាធារណៈដែលផ្ទុកមនុស្សច្រើន ប៉ុន្តែបើប្រើប្រាស់មធ្យោបាយសាធារណៈនេះ គឺត្រូវពាក់ម៉ាស រក្សាគម្លាតពីម្នាក់ទៅម្នាក់ឲ្យបាន១ ម៉ែត្រកន្លះ និងលាងដៃជាមួយជែល ឬអាល់កុលជាប់ជានិច្ច។

ចំពោះអ្នកបើកបរ ត្រូវបើកបង្អួចឲ្យមានខ្យល់ចូល និងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់។ ត្រូវសម្អាតរថយន្តជាប្រចាំដោយប្រើសាប៊ូ ឬអាល់កុលនៅតាមកៅអី និងកន្លែងដែលមនុស្សបានប៉ះពាល់។ ត្រូវឲ្យអ្នកដំណើរលាងដៃមុនឡើងលើរថយន្ត ហើយបើសិនអ្នកបើកបររថយន្ត មានរោគសញ្ញា គ្រុនក្ដៅ ផ្ដាយសាយ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម ត្រូវផ្អាកការបើកបរបណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យសុខភាព។

ចំពោះ ម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ អនុវត្តវិធានការការពារ និងអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ត្រូវសម្អាត និងសម្លាប់មេរោគ ឲ្យបានត្រឹមត្រូវ នៅតាមបន្ទប់ទឹក និងកន្លែងផ្សេងៗជាប់ជាប្រចាំ។ ម្ចាស់អាជីវកម្ម និងបុគ្គលិក បម្រើការ ត្រូវរៀបចំឲ្យមានកន្លែងលាងសម្អាត ដៃ និងអនាម័យផ្លូវដង្ហើមជានិច្ច ដូចជាការពាក់ម៉ាសពេលបម្រើអតិថិជន ឬពេលចាំបាច់ និងសម្អាតតុ និងកៅអី ជាមួយអាល់កុលឲ្យបានត្រឹមត្រូវ។ រក្សាអនាម័យចំណីអាហារ ដូចជាការបរិភោគអាហារឆ្អិន ទុកដាក់អាហារឆ្អិន និងឆៅដាច់ដោយឡែកពីគ្នា ប្រើប្រាស់ទឹកសម្អាតមុនចម្អិន។

ក្រសួងបន្តថា មិនត្រូវអនុញ្ញាតឲ្យ ចាស់ជរា ឬជនដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ និងកុមាតូចៗ ចូលកន្លែងដែលមានមនុស្សច្រើនឡើយ។ ពិសេស ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសារប៊ូ ទឹកសម្អាត ឬអាល់កុល ព្រមទាំងពាក់ម៉ាសនៅពេលចាំបាច់ និងត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្ដាស់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពលរដ្ឋត្រូវអនុវត្តតាមសេចក្ដីណែនាំទាំងនេះ ដោយសារជំងឺនេះនៅតែបន្តមានហានិភ័យសម្រាប់បុគ្គល ពីព្រោះជំងឺនេះកំពុងរាតត្បាតយ៉ាងខ្លាំងនៅទូទាំងពិភពលោកនៅឡើយ ហើយកម្ពុជានៅតែរកឃើញមានករណីថ្មីជាបន្តបន្ទាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor