សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសដំណក់រ៉ែមាសលើកដំបូងលើទឹកដីខេត្តមណ្ឌលគិរី នឹងលេចចេញជារូបរាង នៅអំឡុងចុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខ។ នេះបើតាមការអះអាងរបស់អភិបាលខេត្តមណ្ឌលគិរី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋ បាលខេត្តមណ្ឌលគិរី» នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមហ៊ុនចំនួនពីររបស់ប្រទេសអូស្ដ្រាលី និងប្រទេសចិនទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីរាជរដ្ឋាភិបាលជាអ្នកធ្វើអាជីវកម្ម។
លោកបន្ដថា ក្រុមហ៊ុនបរទេសទាំងពីរនេះ បានបញ្ចប់ការសិក្សារួចហើយ ដែលអាចធ្វើអាជីវកម្មរ៉ែមាស នៅខេត្ដមណ្ឌលគិរី អំឡុងឆ្នាំ២០២០ ឬ២០២១ខាងមុខនេះ ពោលនៅពេលក្រុមហ៊ុនរៀបចំខ្សែសង្វាក់ផលិតកម្មរួចរាល់។ ក្រុមហ៊ុនដែលបានសិក្សាឃើញបរិមាណរ៉ែមាស មានដូចជា ក្រុមហ៊ុនរឺនីសង់របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុនរ៉ុងឆេងរបស់ប្រទេសចិន។ ក្រុមហ៊ុនទាំងពីរនេះ បានប្រើប្រាស់ពេលវេលាសិក្សាជាយូរឆ្នាំមកហើយ។
លោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា នៅខេត្តមណ្ឌលគិរី មានសក្ដានុពលរ៉ែ មានរ៉ែច្រើនប្រភេទដូចជា រ៉ែមាស សំណ បុកស៊ីតជាដើម។ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសិក្សាជម្រករ៉ែចំនួន១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ៕