សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ អាជ្ញាធរ បានរកឃើញមនុស្ស២នាក់ ដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័កនៅខេត្តព្រៃវែងវិញហើយ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣ សីហានេះ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលជនទាំងពីរនាក់បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីនោះទេ។។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះថា៖«អ្នកធ្វើចត្តាឡីស័ករត់២នាក់នៅព្រៃវែងនោះ រកឃើញហើយបាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយដែរ»។
មនុស្ស២នាក់ ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ គឺជាអ្នកដំណើរទើបមកពីម៉ាឡេស៊ី កាលពីថ្ងៃទី២៣ កក្កដា។ មនុស្សទាំង២នាក់ ដែលបានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែងនេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។
កាលពីពាក់កណ្ដាលខែកក្កដា ក៏មានអ្នករត់ចេញពីកន្លែងចត្តាឡីស័កដែរ ហើយក្រោយមក ក្រសួងសុខាភិបាលបានព្រមានថា ចំពោះអ្នករត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងអាចទទួលខុសត្រូវតាមផ្លូវច្បាប់។