header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ លោក ហ៊ិម លីហៀង ជាកសិករម្នាក់ រស់នៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានចាប់របរចិញ្ចឹមកូនកន្ធាយលក់រយៈពេល៣ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកអាចទទួលបានប្រាក់ចំណូលខ្ទង់ ៣០០០ដុល្លារ ក្នុងមួយខែពីរបរនេះ។ 

លោក ហ៊ិម លីហៀង បានប្រាប់សារព័ត៌មានខ្មែរណាស់ថា កាលពីចាប់ផ្តើមដំបូង ពោលគឺបីឆ្នាំមុន លោកមានកន្ធាយមេពងត្រឹមតែ ៥០០ក្បាលប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ មេកន្ធាយរបស់លោក កើនឡើងដល់ ២០០០ក្បាលហើយ ដោយមេទាំងអស់មានលទ្ធភាពបង្កើតកូនកន្ធាយបាននចំនួន ៣០០០ក្បាលថែមទៀត នៅក្នុងទំហំដី ២០០០ម៉ែត្រការ៉េ។

កសិករចិញ្ចឹមកន្ធាយជោគជ័យរូបនេះ បានឲ្យដឹងថា មានកសិករនៅតាមបណ្តាខេត្តនានា បានចែកទិញកូនកន្ធាយរបស់លោក ជារៀងរាល់ខែ ក្នុងនោះ កូនកន្ធាយអាយុក្រោម១ខែ ១ក្បាល លក់តម្លៃ ៣០០០រៀល និងកន្ធាយមានអាយុ ៣ខែតម្លៃ ១ក្បាល ៧០០០រៀល។

ចំពោះការចំណាយក្នុងការមើលថែសត្វកន្ធាយនៅក្នុងកសិដ្ឋាន លោក ហ៊ិម លីហៀង បានប្រាប់ឲ្យដឹងថា ក្នុង១ខែលោកចំណាយអស់ចន្លោះពី ២៥០ដុល្លារ ទៅ៥០០ដុល្លារ ទៅលើចំណី កម្មករ ទឹក និងភ្លើង។ បន្ទាប់ពីទូទាត់ការចំណាយរួចហើយ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយលោក ហ៊ិម លីហៀង បានអះអាងថា លោកអាចចំណេញបានប្រាក់ខ្ទង់ ៣០០០ដុល្លារក្នុង១ខែដែរ។

មុខរបរចិញ្ចឹមកន្ធាយ

 ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយនៅខេត្តសៀមរាបរូបនេះ បានបន្ថែមថា «ចំណីមិនមែនជាបញ្ហាចោទទេ ដោយចំណាយត្រឹមតែចំណី១ការ៉ុង អាចផ្គត់ផ្គង់កូនកន្ធាយរហូតទៅដល់ ១០០០ក្បាលក្នុងរយៈពេល ១ ខែពេញ តែអ្វីដែលជាបញ្ហាចោទ គឺការនាំចូលកូនកន្ធាយពីខាងក្រៅប្រទេស»។ 

ត្រង់ចំណុចនេះ លោកបានលម្អិតដូច្នេះថា « នៅក្នុងតំបន់របស់ខ្ញុំ មានការនាំចូលកន្ធាយពីខាងក្រៅ ជាក់ស្តែងពីថៃ និងវៀតណាមជាដើម ហើយការចិញ្ចឹមកន្ធាយនៅប្រទេសទាំងពីរនេះរីកចម្រើនខ្លាំង និងបច្ចេកទេសខ្ពស់ ហើយមានទ្រង់ទ្រាយកសិដ្ឋានធំៗ ដែលមានលទ្ធភាពបង្កើតកន្ធាយរាប់ម៉ឺនក្បាល ដូច្នេះចំនួននេះវាធ្វើឲ្យតម្លៃកន្ធាយរបស់គេមានតម្លៃថោកជាយើង ដោយឡែកការចិញ្ចឹមកន្ធាយនៅកម្ពុជាយើង មានទ្រង់ទ្រាយតូច ចិញ្ចឹមដោយដៃ ហើយកន្ធាយមានតម្លៃថ្លៃជាងគេ ដូច្នេះវាបណ្តាលឲ្យមានកំណើនក្នុងការនាំចូលពីខាងក្រៅច្រើន»។

ទោះយ៉ាងណាលោក លីហៀង បញ្ជាក់ថា កន្ធាយដែលចិញ្ចឹមក្នុងស្រុក គឺមានគុណភាពខ្ពស់ និងល្អជាង ត្បិតមានតម្លៃថ្លៃជាងគេបន្តិចក៏ពិតមែន។ 

ប៉ុន្តែកន្ធាយក្នុងស្រុកនៅតែមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក បានដោយសារកសិដ្ឋានចិញ្ចឹមមានទ្រង់ទ្រាយតូច និងបរិមាណផលិតនៅទាប ដែលជាហេតុធ្វើឲ្យមានការនាំចូលពីខាងក្រៅបន្ថែម។ នេះជាការបញ្ជាក់របស់លោក ហ៊ិម លីហៀង។

មុខរបរចិញ្ចឹមកន្ធាយ

ម្ចាស់កសិដ្ឋានរូបនេះ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យមានការចងក្រង ជាសមាគមចិញ្ចឹមកន្ធាយនៅក្នុងស្រុកឲ្យបានច្រើន ហើយផ្តល់បច្ចេកទេសផ្សេងៗក្នុងការចិញ្ចឹមដល់មូលដ្ឋានរបស់កសិករ ដើម្បីឲ្យការចិញ្ចឹមកន្ធាយអាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ ជៀសវាងការនាំចូលពីក្រៅប្រទេស និងបំផុសឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ប្រកបរបរ ដែលមានទីផ្សារខ្ពស់មួយនេះ ដើម្បីបង្កើនការងារក្នុងស្រុកជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក៕ 

សំរាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខ លោក ហ៊ិម លីហៀង ៖ ០៦០៧៨០៨២២ / ០៨៨៥៨០១៤៥៥

មុខរបរចិញ្ចឹមកន្ធាយ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post