header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

«សេដ្ឋកិច្ចកម្ពុជានឹងខាតបង់ប្រមាណ១០ ភាគរយដោយសារការប្រែប្រួលអាកាសធាតុនៅឆ្នាំ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា » នៅថ្ងៃទី១២ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្រ្តី។

ការសិក្សាអំពីការប្រែប្រួលអាកាសធាតុដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលបណ្ដាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករ ដោយសារតែកំណើនសីតុណ្ហភាពកើនខ្ពស់ ការខូចខាត់ហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បងទិន្នផលកសិកម្មជាដើម។ នៅចំពោះមុខបញ្ហានេះ លោក នេត្រ ភក្រ្តា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកា រៀងរាល់ ៥ ឆ្នាំម្តង ដើម្បីទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុនេះ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា វិស័យកសិកម្មរងផលប៉ះពាល់ខ្លាំងជាងគេក្នុងរយៈពេលខ្លីខាងមុខ ដែលធ្វើឲ្យមានការធ្លាក់ចុះផលិតភាពកម្លាំងពលកម្ម និងខូចខាត់ទ្រព្យសម្បត្តិ ហើយវិស័យផ្សេងៗទៀតរងផលប៉ះពាល់តិចតួច។

របាយការណ៍ឲ្យដឹងថា នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៦ ដល់២០២០ ការប្រែប្រួលអាកាសធាតុបានបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ១៥ លាននាក់ ក្នុងនោះគ្រោះធម្មជាតិបានកើតឡើងចំនួន៦៩៧៣ ករណី ដោយគ្រោះទឹកជំនន់មាន ៣៦៨១ ករណី ភាពរាំងស្ងួត១៣៧៥ ករណី និងខ្យល់ព្យុះ ១៩១៧ ករណី។ ការប្រែប្រួលអាកាសធាតុ ក៏បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ១២៩២ នាក់ ព្រមទាំងបំផ្លាញផ្ទះពលរដ្ឋចំនួន១៤៧៦១ ខ្នង និងខូចស្រូវជាង៣ លានហិកតា សត្វពាហនៈងាប់២៥៨៥០ ក្បាល ព្រមទាំងខូចខាតផ្លូវថ្នល់ប្រមាណ៨២១៩ គីឡូម៉ែត្រ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post