
សម្ដេចថា៖«សូមបញ្ជាក់ថា ការចាប់ ហុង សុខហួ និងចាប់ អ៊ំ សំអាន ក្នុងនាមជាសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភា គឺក្នុងបទល្មើសជាក់ស្ដែង។ ឥឡូវអ្នកណានិយាយដល់ករណីហ្នឹង គឺត្រូវចាប់ក្នុងបទល្មើសជាក់ស្ដែងទាំងអស់។ រឿងអីស្នេហាជាតិតែឯង តើរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រមិនស្នេហាជាតិទេអី។ ព្រំដែនអត់នៅលើមាត់អ្នកឯងទេ ព្រំដែននៅលើការចរចារវាងប្រទេសនិងប្រទេស ហើយត្រូវធានាដោយច្បាប់អន្តរជាតិ មិនមែនធានាដោយមាត់ពួកអ្នកឯងទេ។ ឥឡូវចេញមកប៉ុន្មាន ចេញមកឱ្យអស់មក ទាន់គេនិយាយថារដ្ឋាភិបាល ហ៊ុន សែន ផ្ដាច់ការ។ គុកបើទោះបីចង្អៀត ក៏នៅមានកន្លែងដាក់បាន អត់បញ្ហា»។
សម្ដេចបន្តថា៖«មានអាអ្នកចេញមកនិយាយថា រឿងដោះដូរដីគឺជារឿងក្បត់ជាតិ ក្នុងពេលមានកិច្ចព្រមព្រៀងទាក់ទងនឹងការបោះបង្គោល បែងចែកខណ្ឌសីមានេះ ចុះហត្ថលេខាដោយរាជរដ្ឋាភិបាលប្រទេសទាំងពីរ សច្ចាប័នពីរដ្ឋសភានិងព្រឹទ្ធសភា និងមានព្រះហស្ថលេខាដោយព្រះមហាក្សត្រ ហើយអ្នកឯងចោទថា ក្បត់ជាតិ។ ឥឡូវមានប៉ុន្មានចេញមកទៀត ចេញមកប៉ុន្មានចាប់ប៉ុននុ៎ង អត់ឱ្យមានរយ៉េរយ៉ៃទេ។ កុំថារដ្ឋាភិបាល ហ៊ុន សែន ផ្ដាច់ការ ព្រោះនេះមិនមែនជាការតស៊ូមតិទេ អ្នកខ្លះចេញមកថានេះគឺជាការតស៊ូមតិ អត់តស៊ូមតិទេ នេះជារឿងផ្លូវច្បាប់សុទ្ធសាធ»។
ការព្រមាននេះ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាកាលពីថ្ងៃទី៣១កក្កដា និងបន្ទាប់មក បានបន្តចាប់ខ្លួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ នៅថ្ងៃទី១៤សីហា ក្រោយពីអ្នកទាំងពីរបានចុះទៅពិនិត្យបង្គោលព្រំដែនលេខ១១៤ ១១៥ ១១៦ ១១៧ និង១១៨ នៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូង។
លោក រ៉ុង ឈុន និងលោក សួង សុភណ្ឌ បានលើកឡើងថានៅក្នុងការចុះពិនិត្យបង្គោលព្រំដែនទាំងនេះ គឺពលរដ្ឋបានប្រាប់ថា បង្គោលព្រំដែនដែលបានបោះទាំងនោះ គឺបានធ្វើឱ្យបាត់បង់ដីស្រែចម្ការរបស់ពួកគាត់ចូលទៅក្នុងប្រទេសវៀតណាម។ យុវជនមួយចំនួន ដូចជាកញ្ញា ឈឿន ដារ៉ាវី និងយុវជនឈ្មោះ ហ៊ុន វណ្ណៈ ដែលនាំគ្នាតវ៉ាសុំដោះលែងលោក រ៉ុន ឈុន ក៏ត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅពន្ធនាគារដែរ។
ការចាប់ខ្លួនលោក រ៉ុង ឈុន ពីសំណាក់កម្លាំងរដ្ឋាភិបាលនេះ បានរងការថ្កោលទោសពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមចំនួន១៤១នៅកម្ពុជា រួមទាំងក្រុមសហជីពនិងក្រុមសិទ្ធិមនុស្សអន្តរជាតិផ្សេងៗទៀត ដែលពួកគេបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់សុំឱ្យដោះលែង និងចាត់ទុកថា ការចាប់ខ្លួននេះ គឺជាការមិនគោរពសិទ្ធិនិងសេរីភាពជាមូលដ្ឋានដែលទទួលស្គាល់ដោយអន្តរជាតិ។
សម្ដេច ហ៊ុន សែន បានជំរុញឱ្យអង្គការខុមហ្វ្រែលផ្សព្វផ្សាយជាសាធារណៈអំពីការស្ទង់មតិរបស់ខ្លួន ដែលបានធ្វើឡើងតាមអនឡាញ អំពីមតិយល់ព្រមនិងជំទាស់ការចាប់ខ្លួនលោក រ៉ុន ឈុន។ នាយករដ្ឋមន្រ្តីអះអាងថា ការចាប់ខ្លួនអ្នកបំភ្លៃរឿងព្រំដែន គឺដើម្បីការពារកុំឱ្យមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង៕
ផ្ដល់សិទ្ធិដោយ khnernas