សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប និងត្រីអណ្តែង លោក សុខ សាវន បានព្រួយបារម្ភពីការធ្លាក់ចុះទីផ្សារ ព្រោះនៅក្នុងខែសីហានេះ មានការធ្លាក់តម្លៃ ខ្លាំង ដោយលោកបញ្ជាក់​ថា កន្លងមក កង្កែបមួយគីឡូក្រាមលក់បានតម្លៃ ១០០០០រៀល ប៉ុន្តែឥឡូវនៅត្រឹមតែ ៦០០០រៀលប៉ុណ្ណោះ។

លោក សុខ សាវន បានបន្តថា ៖«កង្កែបត្រីឥឡូវនាំចូលមកពីប្រទេសវៀតណាមតម្លៃ​ថោក​ ព្រោះចំណីនៅគេថោក ដូច្នេះអ្នកលក់នៅស្រុកយើងក៏លក់ថោកទៅតាមនឹងដែរ។ ចំណែកការទិញចំណីមានតម្លៃថ្លៃដូច្នេះធ្វើឲ្យអ្នកចិញ្ចឹមួយចំនួនដួល»។

ម្ចាស់កសិដ្ឋានរូបនេះ បានចិញ្ចឹមកង្កែប នៅភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំនួន ២២អាង ចំណាយដើមទុនអស់ ១៦លាន២សែនរៀល ដោយចិញ្ចឹមរយៈពេល​ ៤ទៅ ៥ខែលក់ចេញវិញ បាន ២៥លានរៀល ក្នុងនោះលោក សាវន ចំណេញជាង ៨​លាន​រៀល នៅក្នុងឆ្នាំ២០១៩។ ចំណែកឆ្នាំ២០២០នេះ លោកបានទុកពូជកង្កែបចំនួន ២៦០​គូ ដើម្បីយកមកបង្កាត់ឲ្យបាន ៧ម៉ឺនក្បាល។

បច្ចុប្បន្នលោកអាច លក់បានប្រមាណ ៥ម៉ឺនក្បាល ដោយលក់មួយក្បាលតម្លៃ ៥០០រៀល។ចំណែកត្រីអណ្តែងក៏មានការធ្លាក់ចុះផងដែរ ដោយលោក សាវន បានឲ្យដឹងដូច្នេះថា ត្រីអណ្ដែងដាក់ដំបូង ១អាង ត្រី ៥​គីឡូ​ក្រាម​ ចំណាយអស់ ២០ម៉ឺនរៀល ហើយកន្លងមកមួយ​គីឡួ ៦០០០រៀល ឥឡូវនៅសល់តែ ៤០០០រៀល ព្រោះមានការនាំចូលពីប្រទេសវៀត​ណាមច្រើន។

លោក សាវន បានស្នើសុំឲ្យអាជ្ញាធររកដំណោះស្រាយ ដើម្បីទប់ស្កាត់កុំឲ្យមានការនាំចូលពីប្រទេសវៀតណាមច្រើនពេក នូវអ្វីដែលប្រជាកសិករអាចបង្កើតបានខ្លួនឯងបាន ដើម្បីកុំឲ្យកសិផល ឬទិន្នផលដែលកម្ពុជា ផលិតបានមានតម្លៃទាប នាំឲ្យកសិករបាក់ទឹកចិត្ត។ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ លោក វេង សាខុន​ បានលើកទឹកចិត្ត និងគាំទ្រចំពោះគម្រោងពង្រីកផលិតកម្មភ្ញាស់កូនកង្កែបរបស់កសិករ ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor