
សង្គម
អាម៉ាប៉ាប៉ាញ៉ូសការធ្វើញត្តិតាមអនឡាញបានចាប់ផ្ដើមកាលពីថ្ងៃទី៥សីហា និងគិតមកដល់ត្រឹមព្រឹកថ្ងៃទី៧សីហានេះ មានអ្នកចូលទៅចុះហត្ថលេខាជាង១ម៉ឺន៤ពាន់នាក់ហើយ។ យុទ្ធនាការនេះ គឺមានបំណងប្រមូលហត្ថលេខាឱ្យបាន១ម៉ឺន៥ពាន់នាក់ ដើម្បីដាក់ជូនទៅរដ្ឋាភិបាល ក្នុងការប្រឆាំងការតាក់តែងសេចក្តីព្រាងច្បាប់ដែលនឹងអនុញ្ញាតឱ្យសមត្ថកិច្ចផាកពិន័យអ្នកដែលស្លៀកពាក់មិនសមរម្យនៅទីសាធារណៈ។
សេចក្តីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ ស្ដីពីការហាមឃាត់សកម្មភាពជាច្រើននៅតាមទីសាធារណៈ នឹងត្រូវបញ្ជូនឱ្យក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលនិងរដ្ឋសភា ពិនិត្យនិងអនុម័តខាងមុខ ហើយអាចចាប់អនុវត្តពីឆ្នាំក្រោយនេះទៅ។ ច្បាប់នេះ នឹងហាមប្រាមស្រ្ដីមិនឱ្យស្លៀកពាក់ខ្លីពេក ឬស្លៀកពាក់ស្ដើរហួសហេតុពេករហូតបង្ហាញកេរភេទ រួមទាំងហាមបុរសមិនឱ្យចេញទៅក្រៅដោយមិនពាក់អាវដែរជាដើម។
ក្រសួងមហាផ្ទៃបានអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈដែលមាន៨ជំពូក និង៤៣មាត្រា មានគោលបំណង ដើម្បីធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា អ្នកផ្ដួចផ្ដើមធ្វើញត្តិតាមតាមអនឡាញដើម្បីថ្កោលទោសសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ហាក់ដូចមានគោលបំណងពង្រឹងវប្បធម៌និទណ្ឌភាពជុំវិញអំពើហិង្សាផ្លូវភេទ។ ផ្ទុយទៅវិញ ច្បាប់នេះគួរតែត្រូវបានតាក់តែងឡើងដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាជន និងមិនមែនគាបសង្កត់នោះទេ។

ពួកគេយល់ថា ស្ត្រីគួរតែអាចប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ រួមបញ្ចូលទាំងការបង្ហាញខ្លួនឯងតាមរយៈសម្លៀកបំពាក់ដែលពួកគេជ្រើសរើស។ ការមិនអនុញ្ញាត ឬការស្តីបន្ទោសស្ត្រីចំពោះជម្រើសសម្លៀកបំពាក់ បានជម្រុញឱ្យកាន់តែមានការយល់ខុសដែលថា ស្ត្រីសមនឹងត្រូវស្តីបន្ទោសចំពោះអំពើហិង្សាផ្លូវភេទដែលពួកគេទទួលរង និងធ្វើឱ្យវប្បធម៌និទណ្ឌភាពជុំវិញអំពើហិង្សាលើយេនឌ័រកាន់តែចាក់ឬសជ្រៅទៅៗនៅក្នុងសង្គមកម្ពុជា៕