
សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោក Sir Mark Walport សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់ភាពអាសន្ន (Sage) នៅចក្រអង់គ្លេសបាននិយាយថា មេរោគកូរ៉ូណាថ្មីឬកូវីដ១៩នឹងមានវត្តមានជារៀងរហូតក្នុងទម្រង់ខ្លះឬទម្រង់ផ្សេងទៀត។ លោកបន្តថា ប្រជាជនទាំងអស់នឹងត្រូវទទួលថ្នាំបង្ការជំងឺឆ្លងនេះនៅចន្លោះពេលទៀងទាត់ណាមួយ។
ការលើកឡើងរបស់លោក Sir Mark Walport គឺបន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ជំងឺរាតត្បាតនេះ អាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលត្រឹមពីរឆ្នាំប៉ុណ្ណោះ គឺឆាប់ជាងជំងឺផ្តាសាយអេស្ប៉ាញដែលបានផ្ទុះឡើងកាលពីឆ្នាំ១៩១៨។
ប៉ុន្តែលោក Sir Mark បាននិយាយថា ចំនួនប្រជាជនកាន់តែច្រើនកកកុញ និងការធ្វើដំណើរ គឺមានន័យថា វីរុសនេះអាចរាលដាលយ៉ាងងាយស្រួល។ លោកបន្តថា ប្រជាជនពិភពលោកបច្ចុប្បន្ន គឺមានចំនួនច្រើនជាងកាលពីឆ្នាំ១៩១៨។
ថ្លែងប្រាប់វិទ្យុBBCនៅថ្ងៃទី២២សីហានេះថា៖«ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ ការចាក់វ៉ាក់សាំងជាសកល នឹងត្រូវបានទាមទារ ប៉ុន្តែវីរុសកូរ៉ូណានេះ នឹងមិនក្លាយជាជំងឺមួយ ដូចជំងឺអុតស្វាយនោះទេ ដែលអាចត្រូវបានលុបបំបាត់ចោលដោយការចាក់វ៉ាក់សាំង»។
លោកបន្តថា៖«នេះគឺជាវីរុសដែលនឹងនៅជាមួយយើងជារៀងរហូតក្នុងទម្រង់ខ្លះឬផ្សេងទៀត ហើយស្ទើរតែប្រាកដថា នឹងត្រូវការការចាក់វ៉ាក់សាំងម្តងហើយម្តងទៀត។ ដូច្នេះដូចជំងឺផ្តាសាយបន្តិចដែរ គឺមនុស្សនឹងត្រូវការចាក់វ៉ាក់សាំងម្តងទៀតនៅចន្លោះពេលទៀងទាត់»។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកធ្លាប់និយាយកាលពីពេលថ្មីៗនេះថា ជំងឺផ្តាសាយអេស្ប៉ាញឆ្នាំ១៩១៨ គឺត្រូវបានចំណាយពេលអស់ពីរឆ្នាំ ទើបអាចយកឈ្នះជំងឺនេះបាន ហើយលោកសង្ឃឹមថា បច្ចេកវិទ្យាកាន់តែជឿនលឿនក្នុងបច្ចុប្បន្ន នឹងអាចឱ្យពិភពលោកបញ្ឈប់ការឆ្លងជំងឺកូវីដ១៩ បានឆាប់រហ័សជំងឺគ្រុនផ្ដាសាយអេស្ប៉ាញទៅទៀត៕
