
ប៉ុន្តែស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាង បានបដិសេធសេចក្តីរាយការណ៍របស់កាសែតកូរ៉េខាងត្បូងនេះ និងអះអាងថាប្រជាជនកូរ៉េខាងជើង មិនត្រូវបានបង្ខំឱ្យបោះបង់សត្វចិញ្ចឹមរបស់ពួកគេ ដើម្បីចម្អិនធ្វើជាអាហារនៅក្នុងភោជនីយដ្ឋានឡើយ។
ទោះជាយ៉ាងកាសែតកូរ៉េខាងត្បូងឈ្មោះ Chosun បានអះអាងថា សត្វឆ្កែចិញ្ចឹមរបស់ក្រុមគ្រួសារឥស្សរជនមានទ្រព្យស្តុកស្តម្ភរបស់កូរ៉េខាងជើង ត្រូវបានអាជ្ញាធរប្រទេសនេះមើលឃើញថាជានិមិត្តរូបនៃបដិវត្តមូលធននិយម។
កាសែតបានដកស្រង់ប្រភពសុំលាក់អត្តសញ្ញាណថា អាជ្ញាធរបានកំណត់អត្តសញ្ញាណគ្រួសារដែលមានឆ្កែចិញ្ចឹម ហើយកំពុងបង្ខំពួកគេឱ្យបោះបង់ចោលសត្វឆ្កែចិញ្ចឹមទាំងនោះ ដើម្បីបញ្ជូនទៅសួនសត្វដែលគ្រប់គ្រងដោយរដ្ឋ ឬត្រូវបានលក់ទៅភោជនីយដ្ឋានសាច់ឆ្កែ ដែលការធ្វើបែបនេះដោយសារកង្វះស្បៀងអាហាររ៉ាំរ៉ៃនៅក្នុងប្រទេសកូរ៉េខាងជើង។
ព័ត៌មាននេះត្រូវបានសរសេរដោយអតីតអ្នករត់ភៀសខ្លួនពីប្រទេសកូរ៉េខាងជើង ហើយត្រូវបានសារព័ត៌មានជាច្រើនរួមទាំងនៅអង់គ្លេសផង បានយកទៅចុះផ្សាយបន្ត។ ប៉ុន្តែស្ថានទូតរុស្ស៊ីប្រចាំប្រទេសកូរ៉េខាងជើង បានចោទប្រកាន់បណ្តាញសារព័ត៌មានបរទេសទាំងនោះ ពីបទផ្សព្វផ្សាយពាក្យចចាមអារាមព្រៃផ្សៃ ដែលខុសឆ្ងាយពីការពិត។
ស្ថានទូតរុស្ស៊ីបញ្ជាក់ថា ការថែរក្សាសត្វចិញ្ចឹម បានក្លាយជាការទាន់សម័យនិងពេញនិយមនៅក្នុងទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង ហើយវាបានក្លាយជារឿងធម្មតា ដែលបានឃើញសត្វឆ្កែដើរជាមួយម្ចាស់របស់វានៅតាមដងផ្លូវនៃទីក្រុងព្យុងយ៉ាងនិងទីក្រុងដទៃទៀត។ ស្ថានទូតនេះបានបន្ថែមទៀតថា ការបង្កាត់ពូជសត្វឆ្កែ ត្រូវបានលើកទឹកចិត្ត បន្ទាប់ពីលោក គីម បានកំណត់ថាវាជាសញ្ញានៃសង្គមទំនើបមួយ។
ទោះជាយ៉ាងណា ស្ថានទូតរុស្ស៊ីបានទទួលស្គាល់ថា ថ្មីៗនេះមន្រ្តីស្ថានទូតត្រូវបានគេប្រាប់មិនអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចេញពីឡាន នៅពេលពួកគេដើរនៅក្នុងឧទ្យានឬទីសាធារណៈឡើយ ដោយសារតែច្បាប់តឹងរ៉ឹងដែលមានគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
តាមប្រពៃណី សាច់ឆ្កែត្រូវប្រជាជនកូរ៉េចូលចិត្តបរិភោគ ដោយសារចាត់ទុកថា ជាម្ហូបនៅក្នុងរដូវក្តៅដ៏ពិសេស ប៉ុន្តែការអនុវត្តប្រពៃណីនេះ គឺបានធ្លាក់ចុះយ៉ាងខ្លាំងនៅកូរ៉េខាងត្បូង ដែលជាសង្គមរីកចម្រើន និងបានចាត់ទុកថា សត្វចិញ្ចឹមគឺជាផ្នែកមួយនៃជីវិតរបស់ពួកគេ។ ប៉ុន្តែវានៅតែពេញនិយមនៅកូរ៉េខាងជើង ជាកន្លែងដែលឆ្កែត្រូវបានគេប្រើជាអាហារនៅភោជនីយដ្ឋានក្នុងទីក្រុងព្យុងយ៉ាង។
វិបត្តិកង្វះស្បៀងអាហារនៅកូរ៉េខាងជើង ត្រូវបានគេមើលថា កាន់តែធ្ងន់ធ្ងរឡើង ដោយសារកសិផលត្រូវរងខូចខាតដោយសារគ្រោះទឹកជំនន់ វិបត្តិផ្ទុះឡើងនៃជំងឺកូវីដ១៩ និងលទ្ធផលនៃការដាក់ទណ្ឌកម្មអន្តរជាតិលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ៕
ផ្ដល់សិទ្ធិដោយ : khmernas