
សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តតាកែវ៖ ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ បានធ្វើឲ្យសមត្ថកិច្ច២ស្រុក រត់ដេញចាប់ បែកទឹកសំពោង ពេញវាលស្រែ ទម្រាំតែចាប់បាន ធ្លាក់ញើសរៀងៗខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដោយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរការក្រៅ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ និងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីអនុវត្តតាមដីកាចាប់ខ្លួនមុខសញ្ញារក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ង៉ែត មករា ហៅ រ៉ាម៉ិល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្រោយពេលចាប់ខ្លួន សមត្ថកិច្ច បានធ្វើការឆែកឆេរនៅក្នុងខ្លួនជនសង្ស័យ ឃើញមានម្សៅក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ធំ និង០២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



