
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ត្រូវបានប្រគល់ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ បានចាប់ផ្ដើមនៅវិមានសន្តិភាព នៅវេលាម៉ោ៩ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានការចូលរួមពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។

ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្ត្រី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន៨៤ ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ៕
