header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅធានាដល់ការគោរពសិទ្ធិមនុស្ស ដោយពង្រឹងការអនុវត្តច្បាប់ជាតិ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសខិតខំបង្ការអំពើរទារុណកម្ម ឬប្រព្រឹត្តកម្មមិនគប្បីណាមួយ កុំអោយកើតមានលើជនដែលត្រូវបានដកហូតសេរីភាព។ សម្តេចមានប្រសាន៍បែបនេះក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះទទួលបានជោគជ័យទាមទារឱ្យមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកគ្រប់គ្រងជនដែលត្រូវបានដកហូតសេរីភាព ត្រូវផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបទ និងអាកប្បកិរិយារបស់ខ្លួន ជុំវិញការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំកែប្រែ ការព្យាបាល ការស្តារនីតិសម្បទាជនទាំងនោះផងដែរ។

សម្តេចក្រឡាហោម បន្តថា ការធ្វើទារុណកម្ម និងប្រព្រឹត្តកម្ម មិនគប្បីជាអំពើឃោឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ហើយក៏វាមិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះជនទាំងនោះឡើយ ផ្ទុយទៅវិញប្រព្រឹត្តកម្មបែបនេះជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលមិនអាចទទួលបានលទ្ធផលវិជ្ជមានដូចការចង់បាននោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងផ្តល់ការឈឺចាប់ដល់ជនទាំងនោះ ហើយអាចបង្កើតឡើងនូវគំនុំគំគួនគ្នាមិនចេះចប់។

ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម ក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រសួងមហាផ្ទៃ ក៏បានចេញលិខិតស្តីពីការចុះអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ពាក់ព័ន្ធនិងការធ្វើទារុណកម្ម និងការចុះអង្កេត ត្រួតពិនិត្យពន្ធនាគារ និងទីកន្លែងឃុំឃាំង បណ្តោះអាសន្ននានានៅតាមរាជធានី-ខេត្ត ដោយមិនផ្តល់ដំណឹងជាមុន ដល់គណៈអភិបាលរាជធានី -ខេត្ត អាជ្ញាធរគ្រប់គ្រងពន្ធនាគារ និងកន្លែងឃុំឃាំង ឬកន្លែងដកហូតសេរីភាពបណ្តោះអាសន្ននៅតាមរាជធានី-ខេត្ត ដោយបង្កលក្ខណៈងាយស្រួល ដល់ប្រតិភូនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលចុះបំពេញការងារ ជាពិសេសករណីដែលមានបាតុភាពជាក់ស្តែងកើតឡើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post