
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ បន្ទាប់ពីកក្រើកកាលពីអំឡុងខែមិថុនានោះ ករណីឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានរស់នៅឆ្ងាយគ្នាច្រើនជាង១ទសវត្ស យ៉ាងណាមកដល់ពេលនេះ ឪពុកបានចាប់ផ្តើមកាត់ចិត្តបំភ្លេចរឿងកូនមិនស្គាល់ឪនោះហើយ ដោយការកាត់ចិត្តក្រោយពីតារាចម្រៀងឱក សុគន្ធកញ្ញា ជ្រើសរើសផ្លូវចាស់ គឺមិនតបត និងមិនភ្ជាប់ទំនាក់ទំនងនឹងឪពុក។
បើតាមការបញ្ជាក់របស់អ្នកជិតដិតលោក ឱក បូនីបានលើកឡើង ថាលោកបានចាប់ផ្តើមបញ្ចប់ការរំលឹកឈ្មោះកូនស្រី បើទោះបីជាមានការសួរអំពីរឿងដ៏ក្តៅគគុកមួយនេះ សូម្បីតែនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏លោកឱក បូនី ឈប់រំលឹកអំពីកូនស្រីនោះដែរ ផ្ទុយមកវិញលោកលើកឡើងតែពីកូនប្រុសពីរនាក់ ដែលជាដំណក់ឈាមរួម ជាមួយភរិយាក្រោយដែលធំពេញវ័យបាត់ទៅហើយ។
នេះបើតាមលោកឱក បូនី បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោកនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ថា “លើលោកនេះ គ្មានអាថ៌កំបាំងណាលាក់មនុស្សបានទេ បើគេមិនដឹង ក៏ខ្លួនឯងជាអ្នកដឹងដែរ”។
ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ ចំពោះតារាចម្រៀងឱក សុគន្ធកញ្ញា នោះគឺ វត្តមានរបស់នាង និងស្វាមីអមដោយកូនប្រុសបានចុះផ្ទាល់ទៅសាកសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនប្រគល់ជូនដល់ទារកដែលត្រូវបានឪពុកម្តាយយកទៅបោះចោលក្នុងធុងសម្រាម ដែលសកម្មភាពនេះ អាចឆ្លុះបញ្ចាំងពីអារម្មណ៍របស់នាងដែលខ្លោចផ្សាគ្រា ដែលជីវិតទារកអភ័ព្វត្រូវបានម្តាយឪពុកគ្មានទំនួលខុសត្រូវយកទៅបោះបង់ចោលគ្មានអាសូរ។



