
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ក្រសួងសុខាភិបាល វាយតម្លៃថា មិនមានសញ្ញានៃជំងឺកូវីដ១៩ ឆ្លងចូលទៅសហគមន៍ ក្នុងអំឡុងពេលឈប់សម្រាកសង ៥ថ្ងៃនេះទេ ខណៈពលរដ្ឋជាង១លាននាក់ បានចេញដើរកម្សាន្តនៅក្នុងតំបន់ទេសចរណ៍នានា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួង និងអាជ្ញាធរ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋនោះ បាននាំគ្នាអនុវត្តវិធានការអនាម័យ ការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងប្រសើរនៅក្នុងអំឡុងពេលឈប់សម្រាកកម្សាន្តនេះ។ «យើងសង្កេតឃើញថា មិនទាន់រកឃើញនូវហេតុការណ៍ចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍យើង នៅឡើយទេ»។ នេះជាការបញ្ជាក់ប្រាប់របស់លោកស្រី ឱ វណ្ណឌីន ប្រាប់ខ្មែរណាស់។
តែយ៉ាងណារដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ អំពាវនាវឱ្យពលរដ្ឋនៅតែបន្តវិធានការការពារខ្លួន ដោយមិនត្រូវធ្វេសប្រហែស ឬមើលស្រាលលើជំងឺកូវីដ១៩នេះឡើយ។
ក្នុងអំឡុងឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១សីហា ពលរដ្ឋដែលបានដើរលេងកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ១,៤៥៩ ,៣៨៦ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមាន១,៤៤៥,២៣៨ នាក់ និងភ្ញៀវអន្តរជាតិ១៤ ១៤៨ នាក់។
គិតត្រឹមថ្ងៃទី២២ សីហានេះ កម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយ២៦៣នាក់ និងអ្នកកំពុងបន្តសម្រាកព្យាបាលនៅសល់១០នាក់៕