សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ក្រសួងអប់រំ បានសម្រេចប្ដូរគោលការណ៍ មិនតម្រូវឲ្យគ្រប់សិស្សានុសិស្ស និងគ្រប់បុគ្គលិក នៃសាលាឯកជនទាំង២០ ដែលនឹងបើកដំណើរការក្នុងខែ សីហានេះ ត្រូវធ្វើតេស្តរកជំងឺ កូវីដ-19 ទាំងអស់គ្នានោះទេ។
ក្រសួងបញ្ជាក់ថា ការធ្វើតេស្តស្វែងរកជំងឺកូវីដ-19 គឺតម្រូវតែសិស្ស ឬ អាណាព្យាបាល និងបុគ្គលិកសាលាដែលមានប្រវត្តិធ្លាប់ចាកចេញទៅក្រៅប្រទេស ក្រោយដើមខែ មិថុនាឆ្នាំ ២០២០ប៉ុណ្ណោះ។
កន្លងមកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអបរំ បានបញ្ជាក់ថា សាលារៀនឯកជនចំនួន ២០ ដែលមានស្តង់ដារសុវត្ថិភាពខ្ពស់មានទីតាំងក្នុងរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាបអាចបើកដំណើការជាថ្មីក្នុងខែ សីហាឆ្នាំ ២០២០នេះ។
សេចក្ដីជូនដំណឹងនេះ ក៏បញ្ជាក់ពីវិធានការជាច្រើនចំណុច ដែលតម្រូវឲ្យសាលាឯកជនទាំងនេះ ត្រូវគោរពតាមផងដែរ ក្នុងនោះ រួមមានការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀនដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ការបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដារ។
ការតម្រូវឲ្យបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា ហើយក្រសួងក៏នឹងចេញគោលការណ៍ណែនាំស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបថកូវីដ ជាមូលដ្ឋានគោលសម្រាប់ការរៀបចំពិធីសារសុវត្ថិភាពសុខភាពសិក្សារបស់គ្រឹះស្ថានសិក្សាផងដែរ។ ចំពោះករណីធ្វេសប្រហែសណាមួយរបស់សាលារៀនឯកជនទាំងនោះ ក្រសួងអប់រំនឹងធ្វើការព្រមាន ហើយឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន៕