សុខភាព
អាម៉ាប៉ាប៉ាញ៉ូសលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់កាលពីថ្ងៃទី៥ ខែសីហា ថា ជំងឺគ្រុនឈីក ឆ្លងរាលដាលដល់១៥ ខេត្ត និងកើនឡើងជិត២០០០ ករណីសង្ស័យ។
តាមរបាយការណ៍ស្រាវជ្រាវរបស់កម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម បានឲ្យដឹងថា ករណីសង្ស័យជំងឺគ្រុនឈីក កើនឡើងពី១០២០ រហូតដល់១៧០០ ករណីសង្ស័យ តាមបណ្ដាខេត្តចំនួន១៥ ដូចជា ខេត្ត ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្តាល បន្ទាយមានជ័យ កំពង់ចាម និងសៀមរាប។
លោកស្រី ថា បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ស្ទឹងត្រែង ព្រះសីហនុ និងបាត់ដំបង មានចំនួនអ្នកឆ្លងខ្ពស់រហូតដល់ ៧២% ខណៈបណ្ដាខេត្តផ្សេងទៀតមានការកើនឡើងតិចតួចនៅឡើយ។
ជាមួយគ្នានេះ លោក ប៊ូ សារិន មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានលើកឡើងថា មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ កំពុងព្រួយបារម្ភខ្លាំងចំពោះការផ្ទុះឡើងនូវជំងឺគ្រុនឈីកនេះ ខណៈខេត្តសៀមរាប រាយការណ៍ថាមានករណីឆ្លងច្រើនជាងបណ្ដាខេត្តនានារហូតដល់ជាង១០០០ ករណី។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដូច្នេះថា ក្នុងដំណាក់កាលទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុន្តែពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន នឹងមិនត្រូវភ្លេចខ្លួនចំពោះជំងឺគ្រុនឈីក នោះទេ។
គួរបញ្ជាក់ថា ជំងឺគ្រុនឈីក មានរោគសញ្ញា ក្ដៅខ្លួនខ្លាំង៣៨អង្សា ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងកន្ទុលក្រហមលើស្បែក។ ជំងឺគ្រុនឈីកនេះ មិនបណ្ដាលឱ្យស្លាប់នោះទេ ។ ប៉ុន្តែប្រសិនបើអ្នកជំងឺមានជំងឺរួមផ្សំដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម និងរលាកស្រោមខួរក្បាលជាដើម ក៏អាចបង្ករឲ្យស្លាប់បានដែរ៕